អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា លោកជឿជាក់ថា ភាគីជម្លោះទាំងពីរ កំពុង «ខិតជិតដល់» ដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ហើយ។

លោក Ryabkov បាននិយាយអំពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា «រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ» ដោយបន្ថែមថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេច «ក្នុងពេលឆាប់ៗនេះ»។

យ៉ាងណាមិញ អនុរដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បញ្ជាក់ជាថ្មីនូវការទាមទាររបស់ទីក្រុងមូស្គូ លើបញ្ហាទឹកដី ដែលទីក្រុងគីវនិយាយថា មិនអាចទទួលយកជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ ក្នុងចំណោមចំណុចខ្ទាស់ទាំងនោះ រួមមាន ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីម៉េ ដែលត្រូវកាន់កាប់ក្នុងឆ្នាំ២០១៤ និងទឹកដីចំនួន ៤ផ្សេងទៀតដែលរុស្ស៊ីកាន់កាប់ដោយផ្នែក នោះគឺតំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson ដែលនៅភាគខាងត្បូង និងខាងកើតនៃប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ ប្រភពពីក្រុមមន្ត្រីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងយ៉ាងទូលំទូលាយលើបញ្ហាជាច្រើន សម្រេចបាន ៩០% ហើយរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែបញ្ហាទឹកដី និងអធិបតេយ្យភាព នៅមិនទាន់មានការឯកភាពដោយភាគីទាំងពីរនៅឡើយ៕