ស្ថាប័នស្ទង់មតិមួយនៅទីក្រុងគីវ បាននិយាយកាលពីថ្ងៃចន្ទ (១៦ ធ្នូ) ថា ប្រជាជនអ៊ុយក្រែនចំនួន ៣ភាគ៤ បានបដិសេធសម្បទានសំខាន់ៗនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលនេះជាបញ្ហាប្រឈមកាន់តែខ្លាំងឡើងសម្រាប់លោកប្រធានាធិបតី Volodymyr Zelenskyy ខណៈពេលកំពុងចរចាក្រោមសម្ពាធពីសេតវិមានរួមចទៅហើយ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

អ៊ុយក្រែនបានព្យាយាមរុញច្រាន ប្រឆាំងផែនការដើម ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងអ្វីដែលអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុប យល់ឃើញថា អំណោយផលដល់ទីក្រុងមូស្គូ ដែលទាមទារឱ្យទីក្រុងគីវ បោះបង់តំបន់ Donbas ភាគខាងកើតទាំងមូល និងរឹតត្បិតសមត្ថភាពយោធា។
ការស្ទង់មតិ ដែលធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងគីវ បានរកឃើញថា ប្រជាជនអ៊ុយក្រែនចំនួន ៧២% ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងដែលបង្កកជួរមុខបច្ចុប្បន្ន និងមានការសម្របសម្រួលមួយចំនួន។ ប៉ុន្តែអត្រាអ្នកឆ្លើយតបដល់ទៅ ៧៥% ជឿជាក់ថា ផែនការសន្តិភាពដែលលម្អៀងទៅរុស្ស៊ី ដោយរួមបញ្ចូលការកាត់ទឹកដីអ៊ុយក្រែន ឬរឹតត្បិតទំហំកងទ័ពរបស់ខ្លួន ដោយមិនទទួលបានការធានាសន្តិសុខច្បាស់លាស់ គឺជារឿង «មិនអាចទទួលយកបានទាល់តែសោះ»។
ការស្ទង់មតិនេះបាននិយាយទៀតថា ប្រជាជនអ៊ុយក្រែនចំនួន ៦៣% បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការប្រយុទ្ធ ហើយមានត្រឹមតែ ៩% ប៉ុណ្ណោះ ដែលជឿជាក់ថា សង្គ្រាមដ៏បង្ហូរឈាមនេះនឹងបញ្ចប់នៅដើមឆ្នាំ ២០២៦ ខាងមុខ៕


