អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា ខ្លួនវាយប្រហារ និងធ្វើឱ្យខូចខាតដល់នាវាមុជទឹកដឹកមីស៊ីល ១គ្រឿងរបស់រុស្ស៊ី ដែលចតនៅមូលដ្ឋានទ័ពជើងទឹកសមុទ្រខ្មៅ ដោយប្រើយានដ្រូនក្រោមទឹកជាលើកដំបូង ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធថា ការវាយប្រហារនោះមិនបង្កការខូចខាតអ្វីឡើយ។

សេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយថា ដ្រូនក្រោមទឹកឈ្មោះ "Sub Sea Baby" ផលិតនៅអ៊ុយក្រែន បានវាយប្រហារត្រូវនាវាមុជទឹកប្រភេទ Kilo ក្នុងកំពង់ផែ Novorossiysk ជាទីដែលរុស្ស៊ី បានដាក់មូលដ្ឋាននាវាចម្បាំងជាច្រើនគ្រឿងរបស់ខ្លួន ដែលប្ដូរពីសមុទ្រខ្មៅ ដើម្បីកុំឱ្យនាវារងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន។
វីដេអូដែលចេញផ្សាយដោយសេវា SBU បានបង្ហាញឱ្យឃើញ ការផ្ទុះដ៏ខ្លាំងក្លាមួយពីក្នុងទឹកនៅកំពង់ផែ ក្បែរកន្លែងចតនាវាមុជទឹកមួយគ្រឿងនោះ និងនាវាដទៃទៀត។
លោក Alexander Kamyshin ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះលើបណ្ដាញសង្គម X ថា "នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលដ្រូនក្រោមទឹកបានបំផ្លាញនាវាមុជទឹក"។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ចេញបដិសេធទាំងស្រុងលើការអះអាងនេះ។
កងនាវាចររុស្ស៊ី បាននិយាយថា ពុំមានកប៉ាល់ ឬនាវាមុជទឹកណាមួយ ដែលឈរជើងនៅឈូងសមុទ្រនៃមូលដ្ឋានកងទ័ពជើងទឹក Novorossiysk ឬបុគ្គលិកនៅលើនោះ រងការខូចខាតដោយសារតែការបំផ្លិចបំផ្លាញនេះទេ ហើយកំពុងតែបំពេញកាតព្វកិច្ចដូចធម្មតា៕

