ប្រណាំងកង់៖ កីឡាករសញ្ជាតិស្លូវេនី Tadej Pogacar បានការពារតំណែងជើងឯកប្រណាំងកង់កម្មវិធី UAE Tour បានសំរេច បន្ទាប់ពីយកឈ្នះដំណាក់កាលចុងក្រោយ ដែលមានការប្រកួតប្រជែងខ្លាំងជាមួយកីឡាករអង់គ្លេស Adam Yates។

ដំណាក់កាលទី៧ ចុងក្រោយកាលពីចុងសប្តាហ៍កន្លងទៅមានចំងាយផ្លូវ ១៤៨គីឡូម៉ែត្រដែលជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវឡើងភ្នំ កីឡាករដែលប្រណាំងឱ្យក្រុមម្ចាស់ផ្ទះ UAE Team Emirate, Tadej Pogacar បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ២០នាទី និងតាមពីក្រោយប្រកៀកប្រកិតដោយ Adam Yates របស់ក្រុម Ineos Grenadiers ១វិនាទីប៉ុណ្ណោះ ខណៈអ្នកលេខ៣ ក្នុងដំណាក់កាលគឺកីឡាករអេស្ប៉ាញ Pablo Bilbao។
ក្រោយ ៧ដំណាក់កាលនេះ Tadej Pogacar ដែលជាអតីតជើងឯក Grand Tour, Tour de France ឆ្នាំមុនបានក្លាយជាម្ចាស់ជើងឯកកម្មវិធី UAE Tour នេះម្តងទៀត បន្ទាប់ពីមានថេរវេលាល្អជាងអ្នកលេខ២ Adam Yates ២២វិនាទី និងលេខ៣ Pablo Bilbao យឺតជាង ៤៤វិនាទី៕
អត្ថបទ៖នាង សុភាវុធ