ក្រសួងការពារជាតិទួរគី បាននិយាយថា យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសតួកគី បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង នៅជិតដែនអាកាសរបស់សាធារណរដ្ឋនេះ ពីខាងលើសមុទ្រខ្មៅ ដោយមិនបានបញ្ជាក់ថា យានដ្រូននោះមានប្រភពមកពីណានោះទេ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា វត្ថុមិនស្គាល់អត្តសញ្ញាណមួយ «ដែលបានខិតចូលទៅជិតដែនអាកាសរបស់យើង ត្រូវបានឃើញនៅពីខាងលើសមុទ្រខ្មៅ»។

ក្រសួងបាននិយាយថា៖«ស្របតាមនីតិវិធីធម្មតា វត្ថុនោះកំពុងត្រូវបានតាមដានយ៉ាងដិតដល់។ ដើម្បីធានាបាននូវសន្តិសុខដែនអាកាស យន្តហោះចម្បាំង F-16 របស់យើងដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការណាតូ និងរដ្ឋាភិបាល ត្រូវបានប្រគល់ភារកិច្ចឲ្យឆ្លើយតបភ្លាមៗ។ វាត្រូវបានគេកំណត់ថា វត្ថុនោះ គឺជាយានដ្រូនដែលបាត់បង់ការគ្រប់គ្រង។ ដើម្បីជៀសវាងផលវិបាកអវិជ្ជមានដែលអាចកើតមាន យាន ដ្រូននោះ ត្រូវបានទម្លាក់នៅតំបន់សុវត្ថិភាពមួយកន្លែង»៕