រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការដោះស្រាយវិបត្តិក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងលោកខាងលិច។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា៖«យើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលអ៊ីរ៉ង់កំពុងធ្វើ ក្នុងគោលបំណងយកឈ្នះលើវិបត្តិនេះ រួមទាំងទំនាក់ទំនងរបស់ខ្លួនជាមួយ IAEA និងលោកខាងលិចទាំងមូល»។

យោងតាមលោក ឡាវរ៉ូវ បានឲ្យដឹងថា មិនត្រឹមតែច្បាប់អន្តរជាតិត្រូវបានបំផ្លាញប៉ុណ្ណោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ត្រូវបានសម្របសម្រួលផងដែរ ទោះបីជាការពិតដែលថា កិច្ចព្រមព្រៀងនេះ ត្រូវបានគាំទ្រដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រប់ភាគីទាំងអស់ មានកាតព្វកិច្ចអនុវត្ត ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដោយ។
លោក ឡាវរ៉ូវ បានបញ្ជាក់ថា រុស្ស៊ីបានធ្វើកិច្ចពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នជាមួយអ៊ីរ៉ង់នៅកម្រិតផ្សេងៗគ្នា រួមទាំងកម្រិតប្រធានាធិបតីផងដែរ។ ពួកគេបានផ្លាស់ប្តូរទស្សនៈអំពីរបៀបដោះស្រាយស្ថានភាព និងរបៀបស្តារទំនាក់ទំនងជាមួយ IAEA និងប្រទេសលោកខាងលិច។ ជាការពិតណាស់ ការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យលើថ្នាក់ដឹកនាំអ៊ីរ៉ង់។
លោក ឡាវរ៉ូវ ក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ី និងអ៊ីរ៉ង់មានសក្តានុពលសំខាន់សម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគី ហើយដំណើរការនេះ គួរតែត្រូវបានលើកកម្ពស់ដោយគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន៕
