ស្វាយរៀង៖ កម្មករនិយោជិតចំនួន ២៩នាក់ បម្រើការងារនៅក្នុងរោងចក្រចំនួន១៩កន្លែង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បានកើតជំងឺកូវីដ-១៩ ដែលការឆ្លងជំងឺ ក្នុងចំណោមកម្មករកម្មការិនីរោងចក្រនេះ គឺបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំមក។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានប្រាប់BTVថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ នេះ នៅខេត្តស្វាយរៀង មានកម្មករកម្មការិនី និង និយោជិតចំនួន២៩នាក់ ក្នុងនោះស្ត្រីចំនួន១៦នាក់ បានរងវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេមានអាការៈសង្ស័យ និងបានមកយកសំណាកដោយខ្លួនឯង នៅមណ្ឌលយកសំណាក របស់មន្ទីរសុខាភិបាល។
លោក បានបញ្ជាក់បន្ថែមថា កម្មករនិយោជិត ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានមន្ទីរ ការងារបណ្ដុះបណ្ដាលវជ្ជាជីវៈ សម្របសម្រួលជាមួយនឹងម្ចាស់មូលដ្ឋានផលិតកម្ម ដាក់ឲ្យពួកគេសម្រាកព្យាបាលនៅតាមគ្រួសារ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋាន និងឧបត្ថម្ភនូវប្រាក់ឈ្នួលប្រចាំថ្ងៃពី រោងចក្រសហគ្រាស តាមការព្រមព្រៀងគ្នា រវាងកម្មករនិយោជិត និងនិយោជក។
ជាមួយគ្នានោះ ដែរ ប.ស.ស ក៏បានឧបត្ថម្ភបន្ថែមសាច់ប្រាក់ឈ្នួលប្រចាំថ្ងៃ ចាប់ពីថ្ងៃសម្រាកថ្ងៃទី៣ រហូតដល់ជាសះស្បើយផងដែរ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ដោយស្ថានភាពជំងឺកូវីដ១៩ បានជ្រៀត និងចម្លងចូល ទៅលើកម្មករកម្មការិនី និងនិយោជិត នាបច្ចុប្បន្ននេះ មន្ទីរបានសហការជាមួយនឹងម្ចាស់មូលដ្ឋានផលិត បន្តធ្វើការផ្សព្វផ្សាយពីវិធានការ ៣ការពារ និង ៣កុំ ជូនដល់កម្មករកម្មការិនីនៅគ្រប់មូលដ្ឋាន ដោយធ្វើការជំរុញឱ្យពាក់ម៉ាស់ និងវាស់កំដៅ ពិសេសចលនាកម្មករ ឱ្យលាងសម្អាតដៃ និងអាល់កុល មុនពេលចូល បម្រើការងារ និងរក្សាគម្លាតជាដើម ៕អត្ថបទ៖ ភា សារិត