ប្រធានចារកម្ម MI6 ថ្មីរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីកំពុងរុញច្រានពិភពលោកចូលទៅក្នុង «យុគសម័យនៃភាពមិនប្រាកដប្រជា» ហើយចក្រភពអង់គ្លេសឥឡូវនេះ កំពុងប្រតិបត្តិការនៅក្នុង «ចន្លោះរវាងសន្តិភាព និងសង្គ្រាម»។
លោកស្រី Blaise Metreweli ជាស្ត្រីដំបូងគេដែលដឹកនាំសេវាស៊ើបការណ៍សម្ងាត់ MI6 (SIS) បានព្រមានថា៖«ចូរកុំមានការសង្ស័យអំពីរឿងនេះអី។ ពិភពលោករបស់យើងកាន់តែមានគ្រោះថ្នាក់ និងមានជម្លោះច្រើនជាងទសវត្សរ៍មុនៗឆ្ងាយណាស់»។

លោកស្រីបាននិយាយថា៖«ជម្លោះកំពុងវិវត្តន៍ ហើយទំនុកចិត្ត កំពុងរលាយបាត់ ខណៈដែលបច្ចេកវិទ្យាថ្មីៗជំរុញទាំងការប្រកួតប្រជែង និងការពឹងផ្អែក»។
នៅក្នុងសុន្ទរកថាដំបូងរបស់លោកស្រី ប្រធានថ្មីនៃសេវាស៊ើបការណ៍សម្ងាត់បរទេស MI6 របស់ចក្រភពអង់គ្លេសនេះ បានគូសបញ្ជាក់ពី «ការគំរាមកំហែង» ដែលបង្កឡើងដោយរុស្ស៊ីជា «អ្នកឈ្លានពាន អ្នកពង្រីក និងជាអ្នកកែទម្រង់»។
លោកស្រីបានបញ្ជាក់ថា៖«នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន «កំពុងអូសបន្លាយការចរចា និងផ្លាស់ប្តូរចំណាយនៃសង្គ្រាមទៅលើប្រជាជនរបស់លោក»។
លោកស្រីបានបន្ថែមថា៖«រុស្ស៊ីកំពុងសាកល្បងយើងនៅក្នុងតំបន់ពណ៌ប្រផេះ ជាមួយនឹងយុទ្ធសាស្ត្រដែលស្ថិតនៅក្រោមកម្រិតនៃសង្គ្រាម»។
លោក Metreweli បានគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ ដើម្បី «ធ្វើបាប បំភិតបំភ័យ និងរៀបចំ» តាមរយៈការវាយប្រហារតាមអ៊ីនធឺណិតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ យានដ្រូនដែលកំពុងហោះហើរ ជុំវិញអាកាសយានដ្ឋានអឺរ៉ុប សកម្មភាពឈ្លានពាននៅលើសមុទ្រ និងការដុតបំផ្លាញដែលគាំទ្រដោយរដ្ឋ៕
