កាសែតប្រចាំថ្ងៃលីបង់ Nidaa Al-Watan បានរាយការណ៍ថា ការិយាល័យរបស់លោក Jared Kushner កូនប្រសារ និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានរៀបចំផែនទីលម្អិតសម្រាប់អ្វីដែលហៅថា «តំបន់សេដ្ឋកិច្ច Trump» នៅភាគខាងត្បូងប្រទេស លីបង់។
យោងតាមអ្នកនិពន្ធ លោក Tarek Abou Zeinab បានឲ្យដឹងថា ផែនការរបស់លោក Kushner ត្រូវបានដាក់ជូនជាផ្លូវការទៅកាន់សេតវិមានសម្រាប់ការពិចារណា។

ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះមួយចំនួន អ្នកនិពន្ធរូបនេះ បាននិយាយថា គំនិតនេះលែងគ្រាន់តែជាគំនិត «ខ្សឹបខ្សៀវ» ក្នុងចំណោមមជ្ឈដ្ឋានយោបាយទៀតហើយ ប៉ុន្តែបានចូលទៅក្នុងអ្វីដែលខ្លួនពិពណ៌នាថា ជា «ការពិភាក្សាជាក់ស្តែងទាក់ទងនឹងព្រំដែនដែលមានគោលបំណងតាមដានផែនការនេះ យ៉ាងឆាប់រហ័សទៅក្នុងរបៀបវារៈអនុវត្តមជ្ឈិមបូព៌ារបស់រដ្ឋបាលអាមេរិក»។
សារព័ត៌មាន Arab News បានស្នើសុំការអត្ថាធិប្បាយពីស្ថានទូតអាមេរិកនៅទីក្រុងបេរូត និងក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានប្រាប់ឲ្យទំនាក់ទំនងកាន់សេតវិមានសម្រាប់ការឆ្លើយតបជាផ្លូវការណាមួយ។ ក្រោយមក សេតវិមានត្រូវបានទាក់ទង ប៉ុន្តែមិនបានឆ្លើយតបទេ។
ប្រទេសលីបង់ បានជាប់នៅក្នុងភាពជាប់គាំងនយោបាយដ៏យូរ។ ផ្នែកធំៗនៃភាគខាងត្បូង នៅតែស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុមហេសបូឡា ខណៈដែលអ៊ីស្រាអែលកាន់កាប់ដោយខុសច្បាប់យ៉ាងហោចណាស់ទីតាំងចំនួន ៥កន្លែង តាមបណ្តោយព្រំដែនដែលស្ថិតនៅក្នុងទឹកដីអធិបតេយ្យភាពលីបង់។
យោងតាមប្រភពព័ត៌មានរបស់កាសែត Nidaa Al Watan គោលគំនិតរបស់សហរដ្ឋអាមេរិកបានកំណត់ភាគខាងត្បូងប្រទេសលីបង់ ជាច្រកទ្វារសំខាន់មួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចកាន់តែទូលំទូលាយ ដោយភ្ជាប់ការវិនិយោគទ្រង់ទ្រាយធំ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទៅនឹងការរៀបចំសន្តិសុខជាក់ ស្តែង៕
