ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក «គ្មានសិទ្ធិជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រក្នុងចំណោមប្រទេសពាក់ព័ន្ធទេ» ដោយបានប្រឆាំងនឹងការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធនឹងអ្នកនេសាទហ្វីលីពីន។
ការឆ្លើយតបរបស់ចិន បានកើតឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថា ជា «ការបាញ់ទឹក និងការកាត់ខ្សែយុថ្ការបស់អ្នកនេសាទហ្វីលីពីន»ដោយចិន នៅក្នុងដែនទឹកដែលមានជម្លោះនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងថា៖«សហរដ្ឋអាមេរិកមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ»។ នេះបើយោងតាមសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋ។
លោក Guo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែ «ឈប់ធ្វើសេចក្តីថ្លែងការណ៍ដែលបង្ខូចការពិត និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នា ហើយឈប់បណ្តោយឲ្យ និងគាំទ្រការញុះញង់ និងការរំខានរបស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង» ដោយបន្ថែមថា សកម្មភាពរបស់ចិនគឺ «ស្របច្បាប់ ត្រឹមត្រូវតាម ច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងមានការអត់ធ្មត់ និងមិនអាចត្រូវរិះគន់បានទេ»៕
