បាល់ទាត់៖ កីឡាករកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា បានសម្ដែងការភ្ញាក់ផ្អើលហួសពីការស្មាន ដែលខ្លួនមានឱកាសបង្ហាញវត្តមាន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាត្រឹមវ័យ ១៧ឆ្នាំ ដ្បិតរូបគេបានដាក់គោលដៅ ៣ ទៅ ៤ឆ្នាំទៀតដើម្បីស្វែងរកឱកាសដ៏សំខាន់ ក្នុងអាជីពបាល់ទាត់នេះ។
ខ្សែបម្រើវ័យក្មេងរបស់ក្លិបបាល់ទាត់ខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ប្រាប់ក្រុមការងារ BTV តាមរយៈសារអេឡិចត្រូនិកថា ខ្លួនសប្បាយចិត្តដែលមានឱកាសលេង លីគកំពូលកម្ពុជាទាំងវ័យក្មេង ហើយគេនឹងខិតខំបន្ថែមទៀតដើម្បីប្រជែងកៅអី ១១នាក់ដំបូង និងកៅអីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា។ យ៉ាងណាមិញ ក្នុងនាមសមាជិកក្រុមក្មេងខ្ចីដែលសម្បូរដោយកីឡាករយុវជន ទើបឡើងមកលេងលីគកំពូលកម្ពុជា ឡេង ណូរ៉ា អះអាងថា មានបញ្ហាប្រឈមមួយចំនួន ព្រោះត្រូវហ្វឹកហាត់ខ្លាំងជាងមុន ដើម្បីតតាំងជាមួយក្រុមខ្លាំងៗដែលមានធនធានកីឡាករល្អៗ និងមានបទពិសោធន៍ជាងក្រុមរបស់ខ្លួនតែម្ដង។
សូមបញ្ជាក់ថា យុវជនកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៤ ឡេង ណូរ៉ា គឺមានឪពុកជាជនជាតិហ្គាណា និងម្ដាយជាជនជាតិខ្មែរ។ ណូរ៉ា បានបង្ហាញខ្លួនដំបូងក្នុងជំនួបសប្ដាហ៍ទី១ រវាងខេត្តព្រៃវែង និងក្រុមអង្គរថាយហ្គឺរ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។ អ្វីដែលពិសេស ឡេង ណូរ៉ា ត្រូវបានជ្រើសរើសកីឡាករល្អជាងគេ Man Of The Match ប្រចាំការប្រកួតនេះទៀតផង៕
អត្ថបទ៖ លី ឈុនឡា