អឺរ៉ុប៖ យោងតាមលោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់ប្លុកសហភាពអឺរ៉ុបបានឲ្យដឹងថា បណ្ដារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប បានឯកភាពបញ្ជូនជំនួយយោធាដែលមានទំហំទឹកប្រាក់ ៤៥០លានអឺរ៉ូស្មើនឹង ៥០០លានដុល្លារអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់ទិញអាវុធសង្គ្រាម។
លោក Borrell បាននិយាយនៅសន្និសីទសារព័ត៌មានក្នុងទីក្រុង Brussels កាលពីថ្ងៃអាទិត្យថា ជំនួយនេះនឹងត្រូវផ្ដល់ដោយមជ្ឈមណ្ឌលសន្តិភាពរបស់សហភាពអឺរ៉ុប ហើយនឹងមើលឃើញការផ្គត់ផ្គង់អាវុធរបស់ប្លុកនេះ ទៅកាន់ប្រទេសដែលមានសង្គ្រាមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ចំណែកថវិកាចំនួន ៥០លានអឺរ៉ូផ្សេងទៀតនឹងត្រូវបានផ្ដល់ សម្រាប់គោលបំណងក្រៅពីការទិញអាវុធធ្វើសង្គ្រាម។
លោក Borrell បាននិយាយថា កញ្ចប់ជំនួយយោធារបស់សហភាពអឺរ៉ុប អាចរួមទាំងការផ្គត់ផ្គង់យន្តហោះចម្បាំងសម្រាប់កងកម្លាំងអាកាសរបស់អ៊ុយក្រែន។ លោកថា សហភាពអឺរ៉ុបបានពិភាក្សារួចរាល់ហើយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba អំពីប្រភេទយន្តហោះចម្បាំងដែលយោធាអ៊ុយក្រែនត្រូវការ និងមានរដ្ឋជាសមាជិកដែលអាចផ្គត់ផ្គង់យន្តហោះចម្បាំងទាំងនោះបាន៕
អត្ថបទ៖ សុខមាន