សមាជិកសភាជាស្ត្រីមួយក្រុម នៅក្នុងសភានៃទីក្រុង Mexico របស់ប្រទេសម៉ិកស៊ិក បានឈានដល់ការវាយតប់គ្នា កាលពីថ្ងៃចន្ទ (ទី១៥ ខែធ្នូ) ដោយកាមេរ៉ាបានផ្សាយការវាយតប់គ្នានោះដោយផ្ទាល់ ខណៈដែលពួកគេទាញសក់គ្នាទៅវិញទៅមក និងវាយតប់រាងកាយគ្នា។
ជម្លោះនោះបានផ្ទុះឡើងបន្ទាប់ពីស្ត្រីមួយក្រុមមកពីគណបក្សសកម្មភាពជាតិ (PAN) ដែលជាក្រុមស្ដាំនិយម បានចូលទៅកាន់វេទិកាសំខាន់របស់សភា ជាការតវ៉ា ចំពោះច្បាប់ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានរំលោភដោយគណបក្សឆ្វេងនិយម Morena ដែលមានសំឡេងភាគច្រើននៅក្នុងសភា។

ការជជែកដេញដោល ពាក់ព័ន្ធនឹងការកែទម្រង់ទីភ្នាក់ងារត្រួតពិនិត្យតម្លាភាពរបស់រដ្ឋាភិបាលទីក្រុង។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
វីដេអូពីហេតុការណ៍នេះ បង្ហាញឲ្យឃើញសមាជិកសភាយ៉ាងតិច ៥នាក់មកពីភាគីទាំង២ បានជជែកគ្នាយ៉ាងតឹងសរសៃ-ក ដោយសមាជិកសភាទាំងនោះបានវាយតប់គ្នាដោយកែងដៃ ទះកំផ្លៀង និងទាញសក់គ្នាទៅវិញទៅមក ជាប៉ុនប៉ងរបស់សមាជិកសភារបស់បក្ស Morena ដើម្បីឲ្យសមាជិកបក្ស PAN ចេញពីវេទិកា ទោះបីជាពួកគេបដិសេធមិនចេញក៏ដោយ។
បន្ទាប់ពីមានជម្លោះនោះ សមាជិកសភារបស់គណបក្ស PAN បានចាកចេញពីសភា ហើយភាគច្រើននៃបក្ស Morena បានបន្តការជជែកដេញដោលដោយគ្មានវត្តមានគណបក្សប្រឆាំង។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់សភាទីក្រុង Mexico City ៕
