ក្រុមមេដឹកនាំអឺរ៉ុប រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy គ្រោងនឹងជួបគ្នានៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃអង្គារនេះ ដើម្បីដាក់ចេញគណៈកម្មការទាមទារអន្តរជាតិ ជាការផ្តល់សំណងខូចខាតរាប់ពាន់លានដុល្លារដល់ទីក្រុងគីវ ពីការវាយប្រហាររបស់រុស្ស៊ី និងឧក្រិដ្ឋកម្មសង្រ្គាមរងការចោទប្រកាន់ ។
កិច្ចប្រជុំរយៈពេល ១ថ្ងៃ ដែលធ្វើសហម្ចាស់ផ្ទះដោយហូឡង់ និងក្រុមប្រឹក្សាអឺរ៉ុបមាន ៤៦ប្រទេស គឺជាក្រុមសិទ្ធិមនុស្សកំពូលរបស់ទ្វីបមួយនេះ ត្រូវបានចូលរួមដោយឥស្សរជនជាន់ខ្ពស់រាប់សិបនាក់ រួមទាំងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas ។
ជំនួបនេះ គាប់ជួននឹងដំណើរការការទូតសន្តិភាពកំពុងបន្តគាំទ្រដោយសហរដ្ឋអាមេរិក មានគោលបំណងបញ្ឈប់សង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។

ក្រុមមន្រ្តីរុស្ស៊ី ពុំអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយភ្លាមៗបាននោះទេ លើផែនការនេះ ប៉ុន្តែពួកបានបដិសេធន៍ចោលម្តងហើយម្តងទៀតការចោទប្រកាន់ថា កងកម្លាំងរុស្ស៊ី បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម អំឡុងជម្លោះនេះ ។
លទ្ធភាពនៃការរួមបញ្ចូលការលើកលែងទោសសម្រាប់អំពើឃោឃៅនាសម័យសង្រ្គាមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលធ្លាប់ស្នើសុំដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump អាចនឹងធ្វើឲ្យស្មុគស្មាញដល់ផែនការរបស់អឺរ៉ុប ក្នុងការផ្តល់សំណងផងដែរដល់ជនរងគ្រោះនៃការបំពាននៅអ៊ុយក្រែន ចាប់ពីអំពើហិង្សាផ្លូវភេទ និងការនិរទេសកុមារ រហូតដល់ការបំផ្លាញទីតាំងសាសនា ។
បញ្ជីឈ្មោះខូចខាត(Register of Damage) រយៈពេល ២ឆ្នាំ ដែលនឹងក្លាយជាផ្នែកមួយនៃគណៈកម្មករទាមទារអន្តរជាតិ ទទួលបានការទាមទារចំនួនជាង ៨ម៉ឺន ដាក់ជូនដោយបុគ្គល អង្គការ និងស្ថាប័នសាធារណៈ នៅអ៊ុយក្រែន ក្រោមរូបភាពដ៏ធំទូលំទូលាយ ។
បណ្តារដ្ឋជាង ៥០ និងសហភាពអឺរ៉ុប បានធ្វើសេចក្តីស្នើច្បាប់អនុសញ្ញាក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបង្កើតគណៈកម្មការនេះឡើង ក្រោយត្រូវបានផ្តល់សច្ចាប័នដោយហត្ថលេខីចំនួន ២៥ ក៏ដូចជាមូលនិធិគ្រប់គ្រាន់ទទួលបាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការងារមួយនេះ ៕
