ភ្នំពេញ៖ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ពីការលក់ថ្នាំព្យាបាលកូវីដ-១៩ Molnatris នៅក្រសួងប្រៃសណីយ៍ ជូនប្រជាពលរដ្ឋ ត្រឹម២ដូស ក្នុងមួយនាក់ដដែល ក្នុងពេលបច្ចុប្បន្ន។ ការសម្រេចបែបនេះ ធ្វើឡើងក្រោមមូលហេតុ នៃការពន្យាពេលជើងហោះហើរដឹកជញ្ជូនថ្នាំ។
ចំនួនប្រជាពលរដ្ឋទៅទិញថ្នាំព្យាបាលកូវីដ-១៩ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅតែមានចំនួនច្រើន។ រៀងរាល់ថ្ងៃគឺមានវត្តមានប្រជាពលរដ្ឋតម្រង់ជួរជាច្រើន ដើម្បីរង់ចាំទិញថ្នាំរៀងរាល់ម៉ោងធ្វើការ។
ទន្ទឹមនឹងមានតម្រូវការថ្នាំព្យាបាលខ្ពស់បែបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គិតត្រឹមពេលនេះ គឺពុំទាន់អាចលក់ថ្នាំជូនប្រជាពលរដ្ឋចំនួន ៥ប្រអប់ក្នុង១នាក់នោះទេ គឺក្រសួង បន្តលក់ថ្នាំជូនពលរដ្ឋ ត្រឹម ២ប្រអប់ដដែល។
ចំណែកឯបណ្ដាមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរងគឺក្រសួងប្រៃសណីយ៍ នៅតែបន្តផ្អាកលក់ជូនជាបណ្ដោះអាសន្ន ។
ការចេញគោលការណ៍បែបនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បញ្ជាក់ថា គឺដោយសារការពន្យាពេលជើងហោះហើរដឹកជញ្ជូនថ្នាំ។
ប្រជាពលរដ្ឋដែលបានមកទិញថ្នាំនៅក្រសួងប្រៃសណីយ៍ថ្ងៃចន្ទនេះ លើកឡើងថាការមកទិញថ្នាំនៅក្រសួងដោយផ្ទាល់ គឺដោយសារតម្លៃថ្នាំនៅតាមឱសថស្ថានខាងក្រៅមួយចំនួន គឺមានតម្លៃថ្លៃខ្ពស់ជាងការលក់នៅក្រសួង។
ពួកគាត់ចង់ឱ្យមានការដឹកជញ្ជូនថ្នាំចូលកម្ពុជាបានលឿន ដើម្បីអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទិញថ្នាំបានច្រើនប្រអប់ជាងនេះ។
តាមគោលការណ៍របស់ក្រសួងប្រៃសណីយ៍ នឹងបង្កើនការលក់ថ្នាំជូនប្រជាពលរដ្ឋ ចាប់ពី ១ប្រអប់ដល់ ៥ប្រអប់ រីឯបណ្ដាឱសថស្ថានគឺកាត់បន្ថយពីចំនួន ២០០ប្រអប់មកត្រឹម ៥០ប្រអប់ប៉ុណ្ណោះ នៅពេលដែលមានការដឹកថ្នាំមកដល់កម្ពុជា។
ការលក់ថ្នាំ Molnatris នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ គឺលក់ក្នុងតម្លៃ ៥៥ដុល្លារ ក្នុង១ ប្រអប់ ដោយតម្រូវឱ្យប្រជាពលរដ្ឋ ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ និងប្រើប្រាស់ការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលរបស់ ធនាគារ ABA ដោយមិនប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់នោះទេ៕អត្ថបទ៖ គឹមហុក