រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ (IRIB)ថា អតីតប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) មិនបានសម្របសម្រួលមធ្យោបាយរបស់លោកជាមួយរុស្ស៊ី មុនពេលលាលែងពីតំណែងទេ។
លោក ឡារ៉ូវ បាននិយាយថា៖«លោកមិនបានសម្របសម្រួលផ្លូវណាមួយទេ។ យើងបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក អាសាដ និងបានពង្រីកជំនួយដល់រដ្ឋាភិបាលរបស់លោក ក្នុងឆ្នាំ ២០១៥ នៅពេលដែលទីក្រុងដាម៉ាសត្រូវបានឡោមព័ទ្ធយ៉ាងមានប្រសិទ្ធភាព និងប្រឈមនឹងហានិភ័យនៃការធ្លាក់ទៅក្នុងដៃកងកម្លាំងប្រឆាំង។ យើងបានបង្កើតវត្តមានយោធានៅទីនោះ មូលដ្ឋានទ័ពអាកាស និងកងទ័ពជើងទឹក ហើយបានធ្វើការយ៉ាងសកម្ម ដើម្បីរុះរើបន្ទាយរបស់ក្រុមភេរវករ។ កិច្ចខិតខំប្រឹងប្រែងរបស់យើង គឺសហការគ្នា ដែលពាក់ព័ន្ធនឹងដៃគូអន្តរជាតិផ្សេងទៀត ជាពិសេសអ៊ីរ៉ង់ និងទួរគី។ ជារួម ដំណើរការនេះ ពិតជាតមានភាពវិជ្ជមានណាស់»។

ដោយឆ្លុះបញ្ចាំងពីសន្និសីទសន្ទនាថ្នាក់ជាតិស៊ីរី លោក ឡាវរ៉ូវ បានកត់សម្គាល់ថា៖«កិច្ចព្រមព្រៀងដែលយើងសម្រេចបានជាមួយសហការីអ៊ីរ៉ង់ និងទួរគីរបស់យើង បានប្រឈមនឹងឧបសគ្គម្តងហើយម្តងទៀត។ កិច្ចព្រមព្រៀងទាំងនេះ មិនពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលរបស់លោក អាសាដ ទេ។ ខ្ញុំមិនចង់ទាញសេចក្តីសន្និដ្ឋានប្រវត្តិសាស្ត្រច្បាស់លាស់ឥឡូវនេះទេ ប៉ុន្តែឱកាសជាច្រើនត្រូវបានខកខានទាក់ទងនឹងការផ្សះផ្សាជាតិ ការឯកភាពគ្នា និងការអញ្ជើញក្រុមនយោបាយ និងក្រុមជនជាតិភាគតិចទាំងអស់ឲ្យចូលរួមក្នុងការសន្ទនា»។
លោកក៏បានរំលឹកឡើងវិញនូវស្ថានភាពមួយឆ្នាំកន្លងមក នៅពេលដែលព្រឹត្តិការណ៍មួយចំនួន បានកើតឡើងនៅក្នុងប្រទេសស៊ីរី។ លោក ឡាវរ៉ូវ បានពន្យល់ថា៖«នៅពេលនោះ យើងមិនមានអង្គភាពប្រយុទ្ធនៅលើគោកទេ មានតែមូលដ្ឋានពីរគឺ មូលដ្ឋានកងទ័ពអាកាសមួយ និងមូលដ្ឋានកងទ័ពជើងទឹក។ ការឈានទៅមុខយ៉ាងឆាប់រហ័សរបស់ក្រុមប្រឆាំង ដែលដឹកនាំដោយលោក Ahmed al-Shara'a គឺមិននឹកស្មាន ដល់។ ពួកគេបានដណ្តើមកាន់កាប់ទឹកដី ដោយការតស៊ូតិចតួចប៉ុណ្ណោះ៕
