វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ បានបញ្ជាក់ថា បទឈប់បាញ់ថ្ងៃបុណ្យណូអែលដែលអ៊ុយក្រែនបានស្នើឡើង នឹងអាស្រ័យលើថា តើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានឈានដល់ដែរ ឬអត់។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងគីវបានគាំទ្រគំនិតឲ្យមានបទឈប់បាញ់ ជាពិសេស ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យណូអែល។
នៅពេលសួរត្រូវបានសួរអំពីគំនិតនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ «បញ្ហា ឥឡូវនេះ គឺថា តើដូចដែលលោកប្រធានាធិបតី (Donald) Trump និយាយ យើងនឹងឈានដល់កិច្ចព្រមព្រៀងដែរ ឬអត់»។

លោក Peskov បានបញ្ជាក់ថា រុស្ស៊ីទំនងជាមិនចូលរួមក្នុងបទឈប់បាញ់បែបនេះទេ ប្រសិនបើអ៊ុយក្រែន ផ្តោតតែលើ «ដំណោះស្រាយរយៈពេលខ្លី និងមិនអាចស្ថិតស្ថិរ» ជាជាងការដោះស្រាយយូរអង្វែង។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងចង់បានសន្តិភាព។ យើងមិនចង់បានបទឈប់បាញ់ ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវពេលវេលាដកដង្ហើម ហើយរៀបចំសម្រាប់ការបន្តសង្រ្គាមនោះទេ។ យើងចង់បញ្ឈប់សង្រ្គាមនេះ សម្រេចបាននូវគោលដៅរបស់យើង ធានាផលប្រយោជន៍របស់យើង និងធានាសន្តិភាព នៅអឺរ៉ុប សម្រាប់ពេលអនាគត។ នោះហើយជាអ្វីដែលយើងចង់បាន»។
ជាមួយគ្នានេះ លោក Peskov ក៏បានប្រាប់ដែរថា ទីក្រុងមូស្គូមិនទាន់បានឃើញសេចក្ដីលម្អិតនៃសំណើ ស្តីពីការធានាសន្តិសុខតាមបែបអង្គការណាតូ (NATO) សម្រាប់អ៊ុយក្រែន ដែលមន្ត្រីអាមេរិក និងអឺរ៉ុប បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជូននោះទេ៕
