រុស្ស៊ី នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងគ្រប់គ្រងទីក្រុងដ៏សំខាន់ គឺ Kupiansk នៅភាគឦសាននៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនថ្មីៗនេះ បានអះអាងថា បានដណ្តើមកាន់កាប់តំបន់ជាច្រើនវិញ។
ប្រធានក្រុមយោធា Zapad លោក Leonid Sharov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា៖ «ទីក្រុង Kupiansk ស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពទី៦ របស់រុស្ស៊ី»។
កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយជម្លោះ បានបន្តប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសាទរចំពោះវឌ្ឍនភាព ក្នុងកិច្ចពិភាក្សាជាមួយអ្នកចរចាអាមេរិក កាលពីថ្ងៃចន្ទ។ មេដឹកនាំអឺរ៉ុប បានដាក់ចេញផែនការមានកម្លាំងចម្រុះជាតិសាសន៍ ដើម្បីធានាសន្តិភាព។

រុស្ស៊ីបានប្រាប់ឲ្យដឹងថា ខ្លួនបានដណ្តើមកាន់កាប់ទីក្រុង Kupiansk ក្នុងខែវិច្ឆិកា ប៉ុន្តែក្រោយមក អ៊ុយក្រែន បានអះអាងថា ខ្លួនបានដណ្តើមគ្រប់គ្រងតំបន់ជាច្រើននៃទីក្រុងវិញ។
លោក Sharov បាននិយាយថា «ក្រុមតូចៗ» នៃទាហានអ៊ុយក្រែន កំពុងព្យាយាមរាល់ថ្ងៃ ដើម្បីចូលទៅកាន់ទីក្រុង Kupiansk ដែលជាមជ្ឈមណ្ឌលផ្លូវដែក នៅក្នុងតំបន់ Kharkiv។ ប៉ុន្តែលោកបានទទូចថា៖ «គ្រប់តំបន់ទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី»។
នៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក លោក Zelenskyy បានប្រាប់ថា លោកបានទៅសួរសុខទុក្ខកងទ័ពនៅក្នុងតំបន់ Kupiansk បន្ទាប់ពីទីក្រុងគីវបានប្រកាសពីការដណ្តើមបានតំបន់ជាច្រើន និងតំបន់ជិតខាងចំនួន ២ ផ្សេងទៀត។ ដំណើរទស្សនកិច្ចរបស់លោក បានកើតឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានប្រកាសពី«ការរុលទៅមុខដ៏ធំ» នៅក្នុងតំបន់នេះ៕
