ក្រុមមន្រ្តីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) និយាយថា ជនភៀសខ្លួនរាប់ម៉ឺននាក់ មកពីខេត្ត South Kivu របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានធ្វើដំណើរតាមផ្លូវទៅកាន់ប្រទេសជិតខាងប៊ូរុនឌី ក្នុងខែនេះ ។
ជនភៀសខ្លួនប្រហែល ៦៤.០០០នាក់ បានធ្វើដំណើរទៅដល់ប្រទេសប៊ូរុនឌី ចាប់តាំងពីដើមខែនេះស្របពេលជម្លោះនៅប្រទេសជិតខាងកុងហ្គោ កាន់តែតានតឹងខ្លាំង ។
ទីភ្នាក់ងារ UNHCR និយាយថា អ្នកមកដល់ថ្មីត្រូវការជំនួយវេជ្ជសាស្រ្តបន្ទាន់ ហើយកង្វះខាតទីជម្រកគ្រប់គ្រាន់ ក្លាយជាក្តីបារម្ភខ្លាំង ជាពិសេសសម្រាប់កុមារដែលគ្មានអ្នកអមដំណើរ ឬកុមារដែលបែកបាក់ពីឪពុកម្តាយរបស់ពួកគេ ក៏ដូចជាចំនួនភាគរយខ្ពស់នៃស្រ្តីដែលប្រឈមហានិភ័យ ។

កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមឧទ្ទាមចលនា M23 បានប្រកាសថា ខ្លួនបានសម្រេច ដកកងទ័ពជាឯកតោភាគី ចេញពីទីក្រុង Uvira ភាគខាងកើតកុងហ្គោ ដែលខ្លួនអះអាងថា ដណ្តើមយកបានកាលពីសប្តាហ៍មុន ដោយចាត់ទុកចំណាត់ការនេះថាជាវិធានការកសាងទំនុកចិត្តក្នុងគោលបំណងគាំទ្រដល់ដំណើរការសន្តិភាពដែលកំពុងបន្ត ។
សូមបញ្ជាក់ថា ចាប់តាំងពីខែមីនា ឆ្នាំនេះមក ការចរចាជាច្រើនជុំរវាងក្រុម M23 និងរដ្ឋាភិបាលកុងហ្គោ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់ប្រទេសកាតា និងសហរដ្ឋអាមេរិក ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការដកទ័ពចេញពីទីក្រុង Uvira ត្រូវបានអនុវត្តតាមការស្នើសុំរបស់សហរដ្ឋអាមេរិកក្នុងការសម្របសម្រួល ៕
