នៅថ្ងៃអង្គារនេះ ចិនបញ្ជាក់ឡើងវិញពីតម្រូវការឲ្យជប៉ុនកែសម្រួលសេចក្តីអត្ថាធិប្បាយរបស់លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi លើបញ្ហាកោះតៃវ៉ាន់ រយៈពេលជាង ១ខែ ក្រោយលោកស្រី Takaichi និយាយថា ការវាយប្រហារលើកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ អាចជាការគំរាមកំហែងអត្ថិភាពចំពោះជប៉ុន ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពាក់ព័ន្ធនឹងបញ្ហាសំខាន់នេះ ជប៉ុនគេចវេសមិនព្រមទទួលស្គាល់ការពិត ដែលទីក្រុងប៉េកាំងសូមធ្វើការជំទាស់យ៉ាងមុតមាំចំពោះបញ្ហានេះ ។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង បានស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោយលោកស្រី Takaichi លើកឡើងថា ការវាយប្រហារជាសម្មតិកម្មរបស់ចិនលើកោះតៃវ៉ាន់ អាចនឹងនាំឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ ៕