ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ពជួរមុខ ទូទាំងស្រុកក្រគរ ចំនួន ៥៥គ្រួសារ ពិធីសំណេះសំណាលត្រូវបានធ្វើឡើង នៅបរិវេណសាលាឃុំអន្លង់ត្នោត ស្រុកក្រគរ ដោយបានការចូលរួមពី ឯកឧត្តម ង៉ែត សុខន អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអន្លង់ត្នោត ស្រុកក្រគរ និងឃុំវាល ស្រុកកណ្តៀង, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។
សម្រាប់គ្រួសារវីរកងទ័ពជួរមុខ ដែលមានមូលដ្ឋានក្នុងស្រុកក្រគរ ចំនួន៥៥គ្រួសារ ត្រូវបានទទួលវត្ថុកំដរដៃ ដែលរៀបចំដោយក្រុមការងារអគ្គិសនីកម្ពុជា ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, បន្ថែត្រីសាច់១កញ្ចប់ និងថវិកា ១លានរៀល។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃគម្រោងមូលនិធិឃុំ នៅឃុំក្បាលត្រាច និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានប្តេជ្ញាចិត្ត ជំរុញដល់បណ្តាក្រុងស្រុក ឃុំសង្កាត់ ត្រូវពង្រឹង ពង្រីក និងថែទាំ នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យមានគុណភាព ជៀសវាងខូចខាត ដែលនាំឱ្យខាតបង់ថវិកាជាតិ៕





