អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់ទូរទស្សន៍រដ្ឋ ZDF ក្នុងបទសម្ភាសន៍មួយថា នៅក្រោមការធានាសន្តិសុខក្រោយបទឈប់បាញ់ ដែលផ្តល់ដោយសហរដ្ឋអាមេរិកនិងអឺរ៉ុប សម្រាប់អ៊ុយក្រែន កងកម្លាំងរក្សាសន្តិភាពអាចនឹងវាយរុញច្រានកងកម្លាំងរុស្ស៊ី នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ ប៉ុន្តែលោកបានបន្ថែមថា នេះនៅតែជាទស្សនវិស័យដ៏ឆ្ងាយមួយនៅឡើយ។

ដោយត្រូវសាកសួរលម្អិតអំពីលទ្ធភាពនៃការធានាសន្តិសុខ ដែលសហរដ្ឋអាមេរិកដាក់ចេញនៅក្នុងកិច្ចពិភាក្សាទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy — លោក Merz បាននិយាយថា កងកម្លាំងធានាសន្តិសុខ (ដឹកនាំដោយលោកខាងលិច) អាចនឹងត្រូវបណ្តេញកងកម្លាំងរុស្ស៊ីចេញ ប្រសិនបើមានការរំលោភលើលក្ខខណ្ឌឈប់បាញ់ណាមួយ។

លោកបាននិយាយថា «អឺរ៉ុបនឹងធានាឱ្យមានតំបន់គ្មានយោធារវាងភាគីសង្គ្រាម ហើយអឺរ៉ុបក៏នឹងចាត់វិធានការប្រឆាំងនឹងការឈ្លានពាន និងការវាយប្រហាររបស់រុស្ស៊ីផងដែរ ប៉ុន្តែ គ្រប់ភាគីមិនទាន់ទៅដល់ចំណុចនោះនៅឡើយទេ»។ លោកបន្ថែមថា «ការពិតដែលថា អាមេរិកបានប្តេជ្ញាចិត្តបែបនេះ -ពោលគឺ ការពារអ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់ ប្រៀបដូចជាទឹកដីរបស់ណាតូ - គឺជាជំហរថ្មីដ៏សំខាន់របស់អាមេរិក»។

គួរបញ្ជាក់ថា រុស្ស៊ី មិនទាន់យល់ព្រមលើបទឈប់បាញ់ ឬចំពោះវត្តមានកងទ័ពលោកខាងលិចនៅលើទឹកដីអ៊ុយក្រែន ដើម្បីជួយបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនៅឡើយទេ ដែលបានចាប់ផ្តើមនៅពេលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕