លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយថា សមាជិកសភាអាមេរិកមួយក្រុមនឹងត្រូវបានមើលឃើញវីដេអូទាំងស្រុង ដែលមិនទាន់បានកែសម្រួលនៃការវាយប្រហារតាមទូកដ៏ចម្រូងចម្រាសកាលពីខែកញ្ញានៅសមុទ្រការ៉ាអ៊ីប។

លោក Hegseth បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំសម្ងាត់សម្រាប់សមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ១៦ធ្នូសប្ដាហ៍នេះថា គណៈកម្មាធិការសភាសមស្របនឹងត្រូវបានអនុញ្ញាតឱ្យមើលវីដេអូនោះ ប៉ុន្តែមិនមែនសាធារណជនទូទៅទេ។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសក៏បានចូលរួមក្នុងកិច្ចប្រជុំស្តីពីការវាយប្រហារតាមអាកាសរបស់រដ្ឋបាលលោក Trump លើទូកដែលបានចោទប្រកាន់ពីបទដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា និងសកម្មភាពយោធាផ្សេងទៀតនៅសមុទ្រការ៉ាអ៊ីប ផងដែរ។
បន្ទាប់ពីកិច្ចប្រជុំ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋភាគច្រើន បាននិយាយថា ពួកគេចង់ឱ្យសេតវិមានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ខណៈក្រុមអ្នកប្រជាធិបតេយ្យ បានលើកឡើងនូវសំណួរអំពីភាពស្របច្បាប់នៃការវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០ នាក់។
ត្រឹមតែប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅវិមាន Capitol Hill យោធាសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបើកការវាយប្រហារលើទូកចំនួនបីនៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្ស៨នាក់៕

