ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាបានព្យាយាមដើម្បីស្តារឡើងវិញក្រោយពីភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារតំបន់នេះរយៈពេលជាច្រើនថ្ងៃ ដោយបានជន់លិចជំរំជនភៀសខ្លួន បណ្តាលឲ្យអគារបាក់រលំខណៈបានរងការខូចខាតធ្ងន់ធ្ងររួចទៅហើយនៅក្នុងសង្គ្រាមរយៈពេលពីរឆ្នាំមកនេះ និងបានបណ្តាលឲ្យមនុស្សជាង១០នាក់ស្លាប់ រួមទាំងទារកអាយុពីរសប្តាហ៍ម្នាក់ផងដែរ។

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួនក្នុងតំបន់ហ្កាហ្សាក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ បានប្រែក្លាយដីផ្លូវទៅជាដីល្បប់ និងជន់លិចតង់ក្នុងជំរំសម្រាប់ជនភៀសខ្លួន។

នៅទីក្រុងហ្កាហ្សា បុរសម្នាក់បានស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីលំនៅឋានមួយខ្នងដែលរងការខូចខាតរួចទៅហើយក្នុងការវាយប្រហាររបស់អ៊ីស្រាអែល បានបាក់រលំដោយសារភ្លៀងធ្លាក់ខ្លាំង។
បុគ្គលិកសង្គ្រោះបន្ទាន់បានព្រមានដល់ប្រជាជន កុំឱ្យស្នាក់នៅក្នុងអគារដែលរងការខូចខាត ព្រោះវាអាចបាក់រលំនៅពេលណាមួយ។ ប៉ុន្តែតំបន់ភាគច្រើនត្រូវបានបំផ្លាញទៅជាគំនរបាក់បែក ហើយមានកន្លែងតិចតួចណាស់ដើម្បីគេចផុតពីទឹកភ្លៀង។