មន្ត្រីប៉ាឡេស្ទីនបានព្រមានអំពី ការផ្លាស់ទីលំនៅដោយបង្ខំ បន្ទាប់ពីយោធាអ៊ីស្រាអែលបានបញ្ជាឱ្យមានការវាយកម្ទេចអគារលំនៅឋានជាបន្តបន្ទាប់ក្នុងតំបន់ West Bank ដែលខ្លួនកាន់កាប់ ដោយលើកឡើងពីសន្តិសុខ និង តម្រូវការប្រតិបត្តិការ។

នាយកដ្ឋានកិច្ចការជនភៀសខ្លួនប៉ាឡេស្ទីនបានថ្កោលទោសការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការរុះរើអគារលំនៅដ្ឋានចំនួន២៥កន្លែង ក្នុងជំរំជនភៀសខ្លួន Nur Shams ជិតទីក្រុង Tulkarem ក្នុងតំបន់ West Bank ដោយហៅថាជា ការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងច្បាស់ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ១៦ធ្នូ សប្ដាហ៍នេះ។

ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ នាយកដ្ឋាននេះ និយាយថា គោលនយោបាយរុះរើជាប្រព័ន្ធនៅក្នុងជំរំ Nur Shams នឹងឈានទៅរកការបង្ខំឱ្យផ្លាស់ទីលំនៅរបស់គ្រួសាររាប់សិប ជាផ្នែកមួយនៃផែនការមួយដែលមានគោលបំណងបោសសម្អាតជំរំប៉ាឡេស្ទីន និងលុបបំបាត់អត្ថិភាពរបស់ពួកគេ និងដាក់ការគ្រប់គ្រងរយៈពេលវែង ដែលជាផ្នែកមួយនៃផែនការទូលំទូលាយដើម្បីបញ្ចូលតំបន់ West Bank ក្នុងឧបសម្ព័ន្ធរបស់ខ្លួន រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត ផងដែរ។
លោក Roland Friedrich នាយកកិច្ចការរបស់ទីភ្នាក់ UNRWA នៅតំបន់ West Bank បាននិយាយក្នុងសារបង្ហោះមួយនៅលើបណ្ដសញសង្គមX កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការរុះរើទាំងនេះ នឹងត្រូវអនុវត្តនៅថ្ងៃទី១៨ធ្នូខាងមុខនេះ។
លោកបានហៅសកម្មភាពនេះថាជាដំណឹងដ៏មហន្តរាយ ដោយនិយាយថា អគារ២៥កន្លែង ពេលនេះប្រឈមនឹងការវាយកម្ទេចចោលឆាប់ៗនេះ ដែលនឹងបណ្ដាលឲ្យមនុស្សរាប់រយនាក់ភៀសខ្លួនដោយបង្ខំ៕

