ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ BBC បាននិយាយកាលពីថ្ងៃអង្គារ ទី ១៦ ខែធ្នូថា ខ្លួននឹងប្រឆាំងបណ្តឹងទាមទារសំណងខូចខាតចំនួន១០ពាន់លានដុល្លារអាមេរិកដែលបានប្តឹងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទៅលើប្រព័ន្ធផ្ព្វផ្សាយព័ត៌មានរដ្ឋអង់គ្លេសមួយនេះ ជុំវិញឯកសារមួយដែលសុន្ទរកថាត្រូវបានកែសម្រួលកាលពីឆ្នាំ២០២១របស់លោកមុនពេលមានកុបកម្មនៅវិមានកាពីតូល សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់កាលពីពេលមុន យើងនឹងការពារករណីនេះ» ហើយក្រុមហ៊ុននឹងមិនធ្វើ «ការអត្ថាធិប្បាយបន្ថែមទៀតលើដំណើរការផ្លូវច្បាប់ដែលកំពុងដំណើរការ» នោះទេ។
បណ្តឹង ដែលត្រូវបានដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Miami ស្វែងរក «ការខូចខាតក្នុងចំនួនទឹកប្រាក់មិនតិចជាង៥ពាន់លានដុល្លារអាមេរិក»នោះទេ សម្រាប់បទចោទប្រកាន់នីមួយៗក្នុងចំណោមបទចោទប្រកាន់ចំនួន២ ទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេសមួយនេះ ពីបទបរិហារកេរ្តិ៍ និងការរំលោភលើច្បាប់អនុវត្តពាណិជ្ជកម្មក្លែងបន្លំ និងអយុត្តិធម៌របស់រដ្ឋ Florida។

វីដេអូដែលបានបង្កឱ្យមានបណ្តឹងនេះ បានបញ្ចូលផ្នែកពីរដាច់ដោយឡែកពីគ្នានៃសុន្ទរកថារបស់លោក Trump នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ តាមរបៀបមួយដែលធ្វើឱ្យវាមើលទៅដូចជាលោកTrump បានជំរុញឱ្យអ្នកគាំទ្រវាយប្រហារនៅវិមានកាពីតូល ជាកន្លែងដែលសមាជិកសភាកំពុងបញ្ជាក់ពីជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០២០ របស់លោក Joe Biden។