នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ បាននិយាយនៅមុនកិច្ចប្រជុំកំពូលនៅទីក្រុង Helsinki កាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ថា ប្រទេសសហភាពអឺរ៉ុបដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី ឬមានទីតាំងនៅជិតព្រំដែនជាមួយរុស្ស៊ី នឹងដាក់សំណើដើម្បីជំរុញការការពារនិងសន្តិសុខរបស់ខ្លួន។

កិច្ចប្រជុំ «ស្លាបខាងកើត» របស់សហភាពអឺរ៉ុប រួមមានមេដឹកនាំមកពីប្រទេសស៊ុយអែត អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និងរ៉ូម៉ានី ដោយសង្ឃឹមថានឹងបញ្ជូនសញ្ញាដ៏រឹងមាំ នៅមុនកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលនៅសប្តាហ៍ក្រោយ នេះបើយោងតាមប្រទេសហ្វាំងឡង់ជាម្ចាស់ផ្ទះ។

កិច្ចប្រជុំបណ្តាប្រទេសសហភាពអឺរ៉ុបភាគខាងជើងនិងខាងកើតនៅទីក្រុង Helsinki ស្វែងរកការរក្សាឲ្យនៅសកម្មគម្រោងការពារជាតិរបស់សហភាពអឺរ៉ុបដែលបានស្នើឡើង ទោះបីជាមានភាពស្ទាក់ស្ទើរក្នុងចំណោមប្រទេសធំៗដូចជាប្រទេសអាល្លឺម៉ង់និងបារាំង ដែលចូលចិត្តធ្វើការនៅខាងក្រៅទម្រង់សហភាពអឺរ៉ុបក៏ដោយ។