អាជ្ញាធរសុខាភិបាលដែនដីហ្កាហ្សា បាននិយាយកាលថ្ងៃអង្គារ (១៦ ធ្នូ) ថា អ្នករបួសនិងសាកសពមួយចំនួន ត្រូវបានរកឃើញពីគំនរបាក់បែក ក្នុងពេល ២៤ ម៉ោងកន្លងទៅ ដែលបង្កើនតួលេខអ្នកស្លាប់សរុបឱ្យកាន់តែខ្ពស់ បើទោះបីជាមានបទឈប់បាញ់រួចហើយក្ដី ខណៈក្រុមមន្ត្រីព្រមានថា អាកាសធាតុរដូវរងាដ៏ត្រជាក់ កំពុងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់ស្រាប់ទៅហើយ កាន់តែធ្ងន់ធ្ងរថែមទៀត។

អាជ្ញាធរនេះនិយាយថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅខែតុលាមក មនុស្សយ៉ាងតិច ៣៩៣នាក់ ត្រូវបានសម្លាប់ ជាង ១ពាន់នាក់ រងរបួស និងសាកសព ៦៣៤នាក់ ត្រូវរកឃើញនៅទូទាំងតំបន់។ អ្នកស្លាប់សរុបពីការវាយលុករបស់អ៊ីស្រាអែល កើនឡើងដល់ ៧០.៦៦៧នាក់ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ដោយមនុស្សជាង ១៧ម៉ឺននាក់ រងរបួស ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។

មន្ត្រីសុខាភិបាលនៅតំបន់ហ៊ុមព័ទ្ធនេះក៏បានព្រមានថា សីតុណ្ហភាពធ្លាក់ចុះយ៉ាងគំហុក និងកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ កំពុងធ្វើឱ្យអាយុជីវិតរបស់អ្នកស្រុកជួបហានិភ័យ ជាពិសេសកុមារ ក្រោយអាជ្ញាធររាយការណ៍ថា ទារកអាយុ ២សប្តាហ៍ម្នាក់ បានរងាដល់ស្លាប់ ក្រោមអាកាសធាតុដ៏កំណាច។

អ្នកនាំពាក្យម្នាក់របស់ក្រុមហាម៉ាស បាននិយាយថា តំបន់ហ្កាហ្សា កំពុងប្រឈមគ្រោះមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ដោយសារអាកាសធាតុអាក្រក់ និងការបំផ្លិចបំផ្លាញនៃសង្គ្រាម ខណៈជំរំតង់ និងជម្រកបណ្ដោះអាសន្ន ត្រូវជន់លិចក្នុងជំនន់ទឹកភ្លៀង ប្រព័ន្ធកម្ដៅមិនអាចប្រើបាន ហើយអ៊ីស្រាអែល រឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈយ៉ាងខ្លាំង៕