អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ស្ថានភាពជនភៀសខ្លួនសកល កាន់តែអាក្រក់ទៅនាពេលថ្មីៗនេះ ដោយលើកឡើងពីជម្លោះដែលកំពុងកើនឡើងគ្រប់ទិសទី កំណើនជនភៀសខ្លួន ការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង និងការកាត់បន្ថយថវិកាមនុស្សធម៌យ៉ាងច្រើន ខណៈលោកជំរុញឱ្យមានសកម្មភាពជាសកលឡើងវិញ។

ការអំពាវនាវរបស់ប្រមុខ UN រូបនេះ កើតឡើងស្របពេលព្រឹត្តិការណ៍ “ការពិនិត្យវឌ្ឍនភាពនៃវេទិកាជនភៀសខ្លួនសកលលើកទីពីរ” ដែលរៀបចំឡើងដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) និងរដ្ឋាភិបាលស្វីស បានចាប់ផ្តើមនៅទីក្រុងហ្សឺណែវ។

ថ្លែងក្នុងកិច្ចប្រជុំនេះតាមសារជាវីដេអូ លោក Guterres បានសង្កត់ធ្ងន់លើតម្រូវការនៃការគាំទ្រកាន់តែច្រើន សម្រាប់ប្រទេសដែលទទួលជនភៀសខ្លួន ដោយកត់សម្គាល់ថា ប្រទេសដែលមានចំណូលទាប និងមធ្យម បានផ្តល់ជម្រកដល់ជនភៀសខ្លួនជិត ៣ភាគ៤ នៃពិភពលោក។

ដោយអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងកាន់តែខ្លាំងដើម្បីគិតគូរដល់ជនភៀសខ្លួននៅសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ការទីពឹងខ្លួន លោក Guterres បានជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការសកល “ដើម្បីវិនិយោគលើជនភៀសខ្លួន និងសហគមន៍ទាំងនោះ ព្រមទាំងការពារ និងលើកកម្ពស់សិទ្ធិស្វែងរកសិទ្ធិជ្រកកោន ដែលជាសសរស្តម្ភជាមូលដ្ឋាននៃច្បាប់អន្តរជាតិ”៕