ក្រុមសង្គមស៊ីវិលកាណាដានិយាយថា អ៊ីស្រាអែលបានបដិសេធមិនឱ្យក្រុមសមាជិកសភាកាណាដាមួយក្រុមដែលព្យាយាមចូលទៅដល់តំបន់កាន់កាប់ West Bank ដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរប៉ាឡេស្ទីន និងក្រុមតស៊ូមតិសិទ្ធិមនុស្ស។

ក្រុមប្រឹក្សាជាតិមូស្លីមកាណាដា(NCCM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សមាជិកសភាកាណាដាចំនួន៦នាក់កំពុងព្យាយាមទៅដល់តំបន់ West Bank ពីប្រទេសហ្ស៊កដានី ដែលនៅជិតខាង នៅពេលនោះអាជ្ញាធរអ៊ីស្រាអែល បានបដិសេធ ហើយឲ្យពួកគេឲ្យត្រឡប់ទៅវិញ។

ក្រុមប្រឹក្សាជាតិមូស្លីមកាណាដា(NCCM) និយាយថា សមាជិកសភា ដែលកំពុងធ្វើដំណើរជាមួយមេដឹកនាំសហគមន៍កាណាដា ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរៀបចំដោយ The Canadian-Muslim Vote ជាក្រុមមិនស្វែងរកប្រាក់ចំណេញ ត្រូវបានគេប្រាប់ថា ពួកគេត្រូវបានចាត់ទុកថាជា «ការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ»។ លោក Stephen Brown នាយកប្រតិបត្តិក្រុមប្រឹក្សាជាតិមូស្លីមកាណាដា(NCCM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការវិវត្តន៍នេះ គួរឱ្យព្រួយបារម្ភ និងខកចិត្តយ៉ាងខ្លាំង»។
លោកនិយាយថា «អាជ្ញាធរអ៊ីស្រាអែល បានចេញការអនុញ្ញាតធ្វើដំណើរដោយចុះឈ្មោះតាមប្រព័ន្ធអនឡាញដល់សមាជិកទាំងអស់នៃគណៈប្រតិភូ ប៉ុន្តែអ្នកសង្កេតការណ៍ស្របច្បាប់ រួមទាំងមន្ត្រីកាណាដាជាប់ឆ្នោត ត្រូវបានហាមឃាត់មិនឱ្យចូល ព្រោះជា «ការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ»។