វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានបន្តស្ថិតិមិនចាញ់របស់ខ្លួនតាំងពីចាប់ផ្តើមឆ្នាំ២០២២ ក្រោយយកឈ្នះកីឡាករអង់គ្លេស Cameron Norrie លើកពាន Mexican Open។ កាលពីចុងឆ្នាំ២០២១ កន្លងទៅ Nadal ត្រូវបានគេគិតថា ប្រហែលជាត្រូវចូលនិវត្តន៍ទៅហើយដោយសារបញ្ហារបួសជើង តែបែជាមិនចូលនិវត្តន៍ ហើយជាពីរបួសមកវិញយកឈ្នះពានទាំង៣ ដែលខ្លួនបានចូលរួមឆ្នាំ២០២២ នេះ។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះថែមទាំងឈ្នះពាន Grand Slam, Australian Open កាលពីខែមករា ក្លាយជាកីឡាករដែលឈ្នះជើងឯក Grand Slam ច្រើនជាងសរុប ២១លើកពីលើ Roger Federer និង Novak Djokovic ដែលឈ្នះ ២០លើកដូចគ្នា។ ៦-៤ និង ៦-៤ ជ័យជំនះលើ Cameron Norrie នៅ Mexican Open មានន័យថា Nadal ឈ្នះទាំង ១៥ប្រកួត ក្នុងឆ្នាំ២០២២ នេះ។ នេះក៏ជាជើងឯកសរុប ៩១ពានផងដែរក្នុងអាជីពរបស់ Rafael Nadal រាប់ពីឈ្នះពានដំបូងក្នុងអាជីពនៅឆ្នាំ២០០៥ ក្នុងវ័យ ១៨ឆ្នាំ។ Nadal ក៏ធ្លាប់ឈ្នះពាន Mexican Open នេះកាលពីឆ្នាំ២០១៣ និង ២០២០ ផងដែរបូករួមទាំងឆ្នាំ២០២២ នេះទៀតគឺជាលើកទី៣ និងបានក្លាយជាកីឡាករក្មេងបំផុត និងចាស់បំផុតដែលឈ្នះពាន Mexican Open នេះ៕
អត្ថបទ៖នាង សុភាវុធ