អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (១៧ ធ្នូ) នេះថា នាវាផ្ទុកយន្តហោះថ្មីបំផុត និងទំនើបបំផុតរបស់ប្រទេសចិន ឈ្មោះថានាវា ហ៊្វូជាន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារកន្លងទៅ ដែលជាការបើកឆ្លងកាត់ផ្លូវទឹកដ៏រសើបនេះជាលើកដំបូង ចាប់តាំងពីនាវាហ្វ៊ូជាន ចូលបម្រើការជាផ្លូវការក្នុងយោធាជើងទឹកចិន កាលពីខែមុន។

តំបន់តៃវ៉ាន់ ដែលប្រទេសចិន ចាត់ទុកថាជាទឹកដីរបស់ខ្លួន បានរាយការណ៍ពីសកម្មភាពយោធាចិនស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះ ក្នុងយុទ្ធនាការដាក់សម្ពាធជាបន្តបន្ទាប់។ ក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា នាវាចម្បាំង ហ៊្វូជាន បានបើកឆ្លងកាត់ច្រកសមុទ្រ ហើយកងកម្លាំងកោះតៃវ៉ាន់ ក៏បានតាមដានដែរ។

ទីក្រុងប៉េកាំងនិយាយថា មានតែចិនទេដែលមានអធិបតេយ្យភាពលើច្រកសមុទ្រនេះ ដែលជាសរសៃឈាមផ្លូវសមុទ្រដ៏សំខាន់សម្រាប់ចរាចរណ៍ទំនិញ។ កាលពីខែកញ្ញាកន្លងទៅ នាវាផ្ទុកយន្តហោះហ៊្វូជាន ដដែលនេះ បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ម្ដងរួចមកហើយ និងចូលទៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ក្នុងអំឡុងពេលសាកល្បង។

ហ៊្វូជានគឺជានាវាផ្ទុកយន្តហោះទី៣ របស់ចិន ដែលមានផ្ទៃបន្ទុករាបស្មើ និងឧបករណ៍អេឡិចត្រូម៉ាញ៉េទិច ដើម្បីងាយស្រួលបង្ហោះយន្តហោះ ដែលធ្វើឱ្យនាវានេះ ក្លាយជាអាវុធកងទ័ពជើងទឹកដ៏មានអានុភាពជាងនាវាផ្ទុកយន្តហោះ ២គ្រឿងដំបូងរបស់ចិន ដែលរចនាឡើងដោយរុស្ស៊ី៕