អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍ដែលថា បុគ្គលិកសុខាភិបាលជាង ៧០ នាក់ និងជនស៊ីវិលប្រហែល ៥០០០ នាក់ កំពុងត្រូវបានឃុំខ្លួន នៅទីក្រុង Nyala ភាគនិរតីនៃប្រទេសស៊ូដង់។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ កងទ័ពធម្មតារបស់ប្រទេសស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ត្រូវបានជាប់គាំងនៅក្នុងជម្លោះដ៏ឃោរឃៅមួយ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ធ្វើឲ្យមនុស្ស ១២ លាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅលើបណ្តាញសង្គម X ថា៖«យើងមានការព្រួយបារម្ភចំពោះរបាយការណ៍ពីទីក្រុង Nyala ដែលជារដ្ឋធានីនៃរដ្ឋ South Darfur របស់ប្រទេសស៊ូដង់ ដែលថា បុគ្គលិកសុខាភិបាលជាង ៧០ នាក់ កំពុងត្រូវបានឃុំខ្លួនដោយបង្ខំ រួមជាមួយជនស៊ីវិលប្រហែល ៥.០០០ នាក់ផងដែរ»។
ប្រធានទីភ្នាក់ងារសុខភាពUNរូបនេះ បាននិយាយថា៖«យោងតាមបណ្តាញវេជ្ជបណ្ឌិតស៊ូដង់បានឲ្យដឹងថា អ្នកដែលជាប់ឃុំទាំងអស់នោះ កំពុងត្រូវបានឃុំខ្លួនក្នុងស្ថានភាពចង្អៀត និងមិនល្អ ហើយមានរបាយការណ៍អំពីការផ្ទុះឡើងនៃជំងឺផ្សេងៗ»។
កងកម្លាំងគាំទ្ររហ័ស (RSF) និងក្រុមចលនារំដោះប្រជាជនស៊ូដង់ខាងជើង បានរួបរួមគ្នា កាលពីដើមឆ្នាំនេះ ដោយបង្កើតសម្ព័ន្ធភាពមួយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Nyala៕
