ជូជីតស៊ូ៖ ម្ចាស់មេដាយមាសកីឡាជូជីតស៊ូកីឡាអាស៊ី ២០១៨ របស់កម្ពុជា ខាន់ ចេសា បានបោះជំហានមួយកម្រិតទៀតឡើងទៅកាន់សង្វៀន Evolve Ur Game ដោយត្រូវប្រកួតជាមួយកីឡាការិនីមកពីប្រទេសប្រេស៊ីល Thamires Aquino។ យោងតាមអ្នករៀបចំការប្រកួតឱ្យដឹងថា នេះជាការប្រកួត Superfight ធ្វើឡើងនៅទីក្រុងឡាវ៉េហ្គាស់ រដ្ឋណេវ៉េដា សហរដ្ឋអាមេរិក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។
នេះជាការបង្ហាញខ្លួនជាថ្មីម្តងទៀតរបស់ ចេសា បន្ទាប់ពីឈ្នះកីឡាការិនី Danielle Kelly ក្នុងកម្មវិធីនរណាលេខ១ នៅតិចសាស កាលពីពេលថ្មីៗកន្លងទៅនេះ។ ដោយមានឪពុកជាកូនកាត់កម្ពុជា-អាមេរិក និងម្តាយកូនកាត់ម៉ិស៊ិក-អាមេរិក ខាន់ ចេសា ត្រូវបានគេចាត់ទុកជាកីឡាការិនីជូជីតសូល្អបំផុតក្នុងពិភពលោក ដោយឈ្នះជើងឯកពិភពលោក ៣ដង, ជើងឯកទ្វីបអាមេរិក ៤ដង, ជើងឯកពិភពលោក NoGi ៣ដង និងជើងឯកអឺរ៉ុប ២ដង។ នៅឆ្នាំ២០១៨ និង២០១៩ កីឡាការិនីរូបនេះប្រកួតតំណាងកម្ពុជា ហើយដណ្តើមបានមេដាយមាសកីឡាអាស៊ីនៅឥណ្ឌូនេស៊ី និងកីឡាអាស៊ីអាគ្នេយ៍នៅហ្វីលីពីន៕
អត្ថបទ៖ គង់ ហួន