យោងតាមការស្ទង់មតិថ្មីរបស់អង្គភាព Reuters/Ipsos បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាប្រិយភាពរបស់លោកប្រធានាធិបតីធាមេរិក Donald Trump បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃអាណត្តិបច្ចុប្បន្នរបស់លោក ខណៈដែលអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋរបស់លោក បានធុញទ្រាន់ ចំពោះការដោះស្រាយសេដ្ឋកិច្ចរបស់លោក។
ការស្ទង់មតិរយៈពេល ៣ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែធ្នូ បានបង្ហាញថា មនុស្សពេញវ័យអាមេរិកក ៣៩ភាគរយ បានគាំទ្រការអនុវត្តការងាររបស់លោក Trump ដោយធ្លាក់ចុះពីកម្រិត ៤១ភាគរយ កាលពីដើមខែធ្នូ ហើយស្ថិតនៅក្នុងរង្វង់ ៣៨ភាគរយ ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដែលជាកម្រិតគាំទ្រទាបបំផុតចំពោះលោក Trump នៅឆ្នាំនេះ។

មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះ បានវិលទៅកាន់អំណាចវិញ ក្នុងខែមករា ជាមួយនឹងអត្រាគាំទ្រ ៤៧ភាគរយ ប៉ុន្តែប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះចាប់តាំងពីពេលនោះមក ជាពិសេសទាក់ទងនឹងការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក។
ការបិទរដ្ឋាភិបាលកន្លងទៅថ្មីៗនេះ បានរំខានដល់ការប្រមូលទិន្នន័យ ស្តីពីសេដ្ឋកិច្ចអាមេរិក ប៉ុន្តែសេដ្ឋកិច្ចវិទូជាច្រើន គិតថា និយោជកបានបន្ថយសកម្មភាពជួលបុគ្គលិកធ្វើការងារ ដោយសារតែអ្វីដែលអ្នកខ្លះ បានពិពណ៌នាថា ជាគោលនយោបាយដំឡើងពន្ធគួរឲ្យភា្ញក់ផ្អើលរបស់លោក Trump លើការនាំចូល៕
