ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយថា ការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រខ្មៅ បង្កើតហានិភ័យសន្តិសុខដល់ការធ្វើនាវាចរណ៍។
ទូរទស្សន៍ TRT Haber បានដកស្រង់សម្តីរបស់លោកនៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅបរទេសថា៖«ការវាយប្រហារលើនាវាដឹកទំនិញ និងនាវាស៊ីវិលដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បង្កើតបានជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនាវាចរណ៍ នៅក្នុងសមុទ្រខ្មៅ។ ការវាយប្រហារបែបនេះ គឺមិនល្អសម្រាប់អ្នកណាម្នាក់ឡើយ។ យើងចេញការព្រមានយ៉ាងច្បាស់ដល់ភាគីទាំងពីរទាក់ទងនឹងបញ្ហានេះ»។

មេដឹកនាំទួរគីរូបនេះ បានរំលឹកថា ប្រទេសរបស់លោកបានផ្តល់ទីកន្លែងសម្រាប់កិច្ចចរចាដោយផ្ទាល់ចំនួនបីជុំរវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល។ លោក អឺដូហ្កាន់ បានសង្កត់ធ្ងន់ថា៖«នៅឆ្នាំនេះ លោកបានរៀបចំកិច្ចប្រជុំចំនួនបី នៅទីក្រុងអ៊ីស្តង់ប៊ុលរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ ដែលយើងរក្សាទំនាក់ទំនងពិសេសជាមួយ។ ជាលទ្ធផលនៃការទូតទួរគី ដំណើរការទីក្រុងអ៊ីស្តង់ប៊ុល បានឃើញសមិទ្ធផលសំខាន់ៗក្នុងវិស័យមនុស្សធម៌» ដោយលើកឡើងពីការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ និងការផ្លាស់ប្តូរអ្នកទោសសង្គ្រាម ដែលជាសមិទ្ធផលបែបនេះ។
លោក អឺដូហ្កាន់ បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទួរគីចំពោះអនុសញ្ញា Montreux ដែលគ្រប់គ្រងការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ។ លោក អឺដូហ្កាន់ បានសង្កត់ធ្ងន់ថា៖«យើងកំពុងទប់ស្កាត់សង្គ្រាមមិនឲ្យរាលដាលដល់សមុទ្រខ្មៅ ដោយគោរពតាមអនុសញ្ញា Montreux យ៉ាងតឹងរ៉ឹងបំផុត»៕
