នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈផ្នែកខ្លះ កាលពីថ្ងៃអង្គារ (ទី១៦ ខែធ្នូ) ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអំពាវនាវឲ្យចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិកនៅតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតយ៉ាងសកម្ម។

លោក Lukashenko គឺជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបានអនុញ្ញាតឲ្យយកទឹកដីរបស់ប្រទេសបេឡារុសប្រើប្រាស់ សម្រាប់ការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
លោកបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើរឿងដ៏ត្រឹមត្រូវ ក្នុងការជំរុញឲ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស ដោយបានបន្ថែមថា ប្រសិនបើគោលនយោបាយរបស់លោក មានតាំងពីដើមដំបូងមកនោះ ជម្លោះប្រហែលជាមិនកើតឡើងឡើយ។

តាមរយៈសម្រង់សម្ដីនៃបទសម្ភាសនេះ ដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស BelTA លោក Lukashenko បានប្រាប់ទូរទស្សន៍អាមេរិក Newsmax ថា៖ «អ្វីៗជាច្រើននាពេលនេះ អាស្រ័យលើជំហររបស់លោក Trump និងសហរដ្ឋអាមេរិក។ ហើយរឿងដែលសំខាន់នោះ គឺថា លោក Trump មិនងាកចេញពីគោលជំហររបស់លោក»។ លោកបានសង្កត់ធ្ងន់ថា៖ «ការបរាជ័យ ក្នុងការបញ្ឈប់សង្រ្គាមនេះ អាចធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរ ទាំងសម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល។ វាទំនងរាលដាលទៅជាប្រភេទខ្លះនៃជម្លោះពិភពលោក»។
គួរបញ្ជាក់ថា លោក Trump បានដឹកនាំកិច្ចប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ហើយសំណើសន្តិភាពដំបូងរបស់សហរដ្ឋអាមេរិក ដែលបានមេដឹកនាំជាច្រើននៅអឺរ៉ុបរិះគន់ថា ផ្ដល់ភាពចំណេញដល់រុស្ស៊ីនោះ ត្រូវបានកែសម្រួល។ មន្ត្រីអាមេរិក និងអ៊ុយក្រែន បានធ្វើការពិគ្រោះយោបល់លើសំណើកិច្ចព្រមព្រៀងនេះ រួមជាមួយមន្ត្រីអឺរ៉ុប ក្នុងនោះរួមមានទាំងការពិភាក្សារយៈពេល ២ថ្ងៃ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះផងដែរ៕
