អ៊ុយក្រែន៖ ខណៈជនភៀសខ្លួនរាប់សែននាក់កំពុងចាកចេញពីប្រទេសអ៊ុយក្រែន ក្នុងពេលមានការវាយប្រហាររបស់រុស្ស៊ីមកលើប្រទេសនេះ បុរស និងស្ត្រីអ៊ុយក្រែនមួយចំនួនកំពុងត្រលប់មកប្រទេសវិញពីទូទាំងទ្វីបអឺរ៉ុប ដើម្បីជួយការពារទឹកដីរបស់ពួកគេ។
ឆ្មាំព្រំដែនប្រទេសប៉ូឡូញនិយាយថា ប្រជាជនប្រមាណ ២២,០០០នាក់បានឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃព្រហស្បតិ៍ ក្នុងពេលរុស្ស៊ីឈ្លានពានប្រទេសនេះ។ នៅខាងក្រៅការិយាល័យល្បាតព្រំដែនក្នុងទីក្រុង Przemysl ប្រទេសប៉ូឡូញនៅស្ថានីយ៍រថភ្លើងធំ ប្រជាជនរាប់រយនាក់បានតម្រង់ជួរដើម្បីត្រឡប់ចូលប្រទេសអ៊ុយក្រែនវិញ។ ពួកគេភាគច្រើនជាបុរស។ មនុស្សជាច្រើននៅក្នុងជួរបានដាក់ត្រឹមតែនាមត្រកូលរបស់ពួកគេ ដោយលើកឡើងពីសុវត្ថិភាព។ មុនពេលការនាំគ្នាចាកចេញនាពេលថ្មីៗនេះ ប្រជាជនអ៊ុយក្រែនប្រមាណមួយលាននាក់នៅក្នុងប្រទេសប៉ូឡូញកំពុងធ្វើការ ឬសិក្សា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្ថិតនៅក្នុងរដ្ឋធានីគីវដើម្បីជំរុញទឹកចិត្តយុទ្ធជនអ៊ុយក្រែន ខណៈកងទ័ពរុស្ស៊ីកំពុងចូលក្នុងទីក្រុង ហើយការផ្ទុះគ្រាប់ផ្លោងភ្លឺពេញផ្ទៃអាកាសកាលពីថ្ងៃអាទិត្យ។ លោក Zelenskyy ហាមបុរសដែលមានអាយុពី ១៨ ដល់ ៦០ឆ្នាំមិនឱ្យចាកចេញពីប្រទេស។ អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវឲ្យអ្នកស្ម័គ្រចិត្តបរទេសមកប្រយុទ្ធ ក្នុងការការពារប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR និយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ប្រជាជន ៣៦៨,០០០នាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនចូលទៅប្រទេសប៉ូឡូញ និងប្រទេសជិតខាងផ្សេងទៀត បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន