ប្រទេសហ្វីលីពីន នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា មិនមានភស្តុតាងណាមួយ ដែលបង្ហាញថា ទឹកដីរបស់ខ្លួនត្រូវបានគេប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលភេរវករនោះឡើយ ដោយការលើកឡើងនេះកើតមានមួយថ្ងៃបន្ទាប់ពីប្រទេសនេះ ត្រូវបានគេបង្ហាញថា បុរសដែលនៅពីក្រោយការបាញ់ប្រហារបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ នៅឆ្នេរ Bondi របស់ប្រទេសអូស្ត្រាលី បានចំណាយពេលវេលា ក្នុងខែវិច្ឆិកា នៅលើកោះភាគខាងត្បូងដែលត្រូវបានដឹងថា ជាតំបន់របស់ក្រុមបះបោរជ្រុលនិយម។
អ្នកនាំពាក្យប្រធានាធិបតី លោកស្រី Claire Castro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «លោកប្រធានាធិបតី Ferdinand Marcos ច្រានចោលយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ដ៏ទូលំទូលាយ និងការធ្វើឲ្យមានការយល់ច្រឡំថា ហ្វីលីពីនជាកន្លែងបណ្តុះបណ្តាលសមាជិករបស់ក្រុម ISIS (រដ្ឋឥស្លាម)»។

ដោយបានអានពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រីបានឲ្យដឹងបន្ថែមថា៖ «គ្មានភស្តុតាងណាមួយត្រូវបានបង្ហាញឡើយ ដើម្បីគាំទ្រការអះអាង ដែលថា ប្រទេសនេះត្រូវបានគេប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលភេរវករ។ មិនមានរបាយការណ៍ត្រឹមត្រូវ ឬការបញ្ជាក់ណាមួយឡើយ ដែលថា បុគ្គលដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុ នៅ Bondi Beach (ឆ្នេរ Bondi) បានទទួលនូវទម្រង់ណាមួយនៃការបណ្តុះបណ្តាល នៅក្នុងប្រទេសហ្វីលីពីន»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ការិយាល័យអន្តោប្រវេសន៍របស់ប្រទេស បានបញ្ជាក់ថា លោក Sajid Akram និងកូនប្រុសរបស់លោកឈ្មោះ Naveed ដែលបានសម្លាប់មនុស្ស ១៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យ Hanukkah នៅលើឆ្នេរ Bondi របស់ទីក្រុងស៊ីដនី បានចូលទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្ពោះទៅខេត្ត Davao ភាគខាងត្បូង៕


