ស្នូកឃ័រ៖ កីឡាករស្នូកឃ័រចិន Fan Zhengyi បានយកឈ្នះជើងឯក ៦សម័យ Ronnie O’Sullivan នៅវគ្គផ្តាច់ព្រ័ត្រដើម្បីក្លាយជាម្ចាស់ពាន European Masters។ នេះជាការឈានឡើងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីលំដាប់ Ranking ជាលើកដំបូងសំរាប់ Fan Zhengyi។

កីឡាករវ័យទើបតែ ២១ឆ្នាំរូបនេះបាននាំមុខ ៨-៦ហ្វ្រេមមុនពេលដែល O’Sullivan តាមស្មើវិញ ៨-៨ហ្វ្រេម។ កាន់តែតានតឹងកីឡាករទាំងពីរក៏បានយកឈ្នះម្នាក់មួយហ្វ្រេម ធ្វើឱ្យការប្រកួតឈានដល់ហ្វ្រេមកាត់សេចក្តី។ Fan Zhengyi បានយកឈ្នះនៅហ្វ្រេមកាត់សេចក្តីនេះក្រោយវាយមួយឈើបាន ៩២ពិន្ទុដើម្បីគ្រងជើងឯក European Masters ជាលើកដំបូងទទួលបានប្រាក់រង្វាន់ ៨ម៉ឺនផោន។ Fan Zhengyi បានក្លាយជាកីឡាករចិនទី៥ ប៉ុណ្ណោះដែលឈ្នះពានស្នូកឃ័រលំដាប់ Ranking នេះ។
មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Fan បានយកឈ្នះកីឡាករខ្លាំងៗដូចជា Kyren Wilson, Yan Bingtao, David Gilbert និង Graeme Dott។ ចំណែក Ronnie O’Sullivan ដែលបង្ហាញខ្លួននៅពេលកម្មវិធីលំដាប់ Ranking នេះលើកទី ៦០ នោះបាននិយាយសរសើរ Fan Zhengyi មិនដាច់ពីមាត់ និងអបអរសាទរជ័យជំនះដល់កីឡាករចិនរូបនេះផងដែរ៕
អត្ថបទ៖នាង សុភាវុធ