ឥណ្ឌាបានកោះអញ្ជើញប្រមុខការទូតបង់ក្លាដែសប្រចាំទីក្រុងញូវដែលី ដើម្បីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងរបស់ខ្លួននៅថ្ងៃពុធនេះ អំពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសបង់ក្លាដែស ជាពិសេសការគំរាមកំហែងដែលកំណត់គោលដៅលើបេសកកម្មឥណ្ឌា នៅទីក្រុងដាក្កា។

ការសម្រេចនេះ បានកើតឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសបង់ក្លាដែស បានកោះអញ្ជើញប្រមុខការ ឥណ្ឌា នៅទីក្រុងដាក្កា ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថា «សេចក្តីថ្លែងការណ៍បង្កហេតុ» ដែលធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ពីទឹកដីឥណ្ឌា ដោយព្រមានថា ការអត្ថាធិប្បាយបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតសភានាពេលខាងមុខរបស់ប្រទេសនេះ។
ប្រទេសបង់ក្លាដែស កំពុងរៀបចំសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី ១២ ខែកុម្ភៈ ក្រោមរដ្ឋបាលបណ្តោះអាសន្នដឹកនាំដោយអ្នកទទួលរង្វាន់ណូបែល លោក Muhammad Yunus។ រដ្ឋាភិបាលបណ្តោះអាសន្នបានឡើងកាន់តំណែង បន្ទាប់ពីលោកស្រី Sheikh Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីខែសីហា ឆ្នាំមុន ចំពេលមានការតវ៉ាទ្រង់ទ្រាយធំ។
ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ បានភាពតានតឹង ចាប់តាំងពីលោកស្រី Hasina បានភៀសខ្លួនទៅកាន់ទីក្រុងដែលី ហើយទីក្រុងដាក្កា បានស្នើសុំម្តងហើយម្តងទៀតសម្រាប់ការធ្វើបត្យាប័នលោកស្រី៕
