អាជ្ញាធរក្នុងរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា បានដាក់ចេញនូវវិធានការតឹងរ៉ឹង នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ ក្នុងគោលបំណងទប់ស្កាត់ការបំពុល ដោយរួមមានទាំងការហាមប្រាមយានយន្តដែលមិនគោរពតាមបទដ្ឋានចុងក្រោយបង្អស់ ស្ដីពីការត្រួតពិនិត្យការបំភាយឧស្ម័ន និងដាក់បញ្ញត្តកំណត់ចំនួនមនុស្សចូលទៅធ្វើការក្នុងការិយាល័យឯកជន និងរដ្ឋាភិបាល។

សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុងតំបន់ទីក្រុងដេលី ដែលជាទីកន្លែងរបស់មនុស្ស ៣០លាននាក់ បានស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរ» ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជារឿយៗឡើងលើសកម្រិត ៤៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។ លើសពីនេះ អ័ព្ទស្ដើងៗ នៅតាមផ្នែកជាច្រើននៃទីក្រុងនេះ បានធ្វើឲ្យការមើលឃើញកាន់តែលែងច្បាស់ទៅៗ ដែលប៉ះពាល់ដល់ការហោះហើរ និងរថភ្លើង។
ស្ថានភាពនេះបានជំរុញឲ្យគណៈកម្មាការ សម្រាប់ការគ្រប់គ្រងគុណភាពខ្យល់ ចាប់ផ្ដើមអនុវត្តដំណាក់កាលទី៤ ដែលជាកម្រិតខ្ពស់បំផុត នៃផែនការសកម្មភាពឆ្លើយតបតាមកម្រិត សម្រាប់ទីក្រុងដេលី និងតំបន់ជុំវិញ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។
ចំណាត់ការទប់ស្កាត់នេះ បានហាមឃាត់មិនឲ្យរថយន្តដឹកទំនិញប្រើប្រេងម៉ាស៊ូតចាស់ៗចូលទីក្រុង ផ្អាកការសាងសង់ ក្នុងនោះរួមមានទាំងគម្រោងសាធារណៈផងដែរ និងដាក់ចេញឲ្យមានការបង្រៀន រវាងអនឡាន និងរៀនផ្ទាល់៕

