អភិបាលតំបន់ បានឲ្យដឹងថា នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ ការវាយប្រហាររបស់រុស្ស៊ី ដោយគ្រាប់បែកមានប្រព័ន្ធនាំផ្លូវ លើតំបន់ Zaporizzhhia នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបណ្ដាលឲ្យមនុស្ស ២៦នាក់រងរបួស ក្នុងនោះមានកុមារម្នាក់ផងដែរ។
អភិបាលតំបន់ លោក Ivan Fedorov បានសរសេរនៅលើ Telegram ថា៖ «រុស្ស៊ីបានទម្លាក់គ្រាប់បែកពីលើអាកាសដែលមានប្រព័ន្ធនាំផ្លូវ ដោយបានបំផ្លាញអគារលំនៅឋាន និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងអគារសិក្សា»។

លោកបានបន្ថែមថា ការវាយប្រហារចំនួន ៣ បានវាយប្រហាររដ្ឋធានីក្នុងតំបន់ និងតំបន់ជាយក្រុង។ ចំណែកសេវាសង្គ្រោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន បានឲ្យដឹងថា ការងារសម្អាតកម្ទេចថ្ម នៅតែបន្តដំណើរការ។
គួរបញ្ជាក់ថា ទីក្រុង Zaporizhzhia ដែលជាផ្នែកភាគខាងត្បូងមានចម្ងាយមិនដល់ ២៥គីឡូម៉ែត្រ ពីតំបន់សមរភូមិជួរមុខ ត្រូវបានទម្លាក់គ្រាប់បែកជាទៀងទាត់ដោយរុស្ស៊ី ចាប់តាំងពីមានការឈ្លានពានលើអ៊ុយក្រែនឆ្នាំ២០២២៕
