នាថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ដោយហៅក្រុមប្រឆាំងថា ជា «ជនក្បត់» ជាអ្វីដែលបានកើតឡើងបន្ទាប់ពីមានការតវ៉ាតាមដងផ្លូវនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយនេះបានគូសបញ្ជាក់ពីការបែកបាក់ផ្នែកនយោបាយកាន់តែធំទៅៗ។
ការប្រមូលផ្តុំបដិបក្ខនឹងគ្នានេះ កើតឡើងស្របពេលមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលត្រូវបានសម្គាល់ ដោយអតិផរណាឡើងខ្ពស់ កង្វះទំនិញមូលដ្ឋានមួយចំនួន និងសេវាសាធារណៈមិនល្អ ដែលបានបង្កឲ្យមានកំហឹងជាសាធារណៈ។

ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់លោក Saied ថា អនុវត្តនូវការបង្រ្កាបដែលមិនធ្លាប់មានពីមុនលើក្រុមប្រឆាំង ដោយនិយាយថា លោកកំពុងប្រើប្រព័ន្ធតុលាការ និងនគរបាល ដើម្បីទប់ស្កាត់ការរិះគន់ តែលោកប្រធានាធិបតី ច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា លោកកំពុងធ្វើឲ្យប្រទេសស្អាតស្អំ ដោយគ្មានជនក្បត់ និងឥស្សរជនពុករលួយ។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Tunis ដោយគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកគាំទ្រលោក Saied ដែលពួកគេបានសរសើរ ចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងឥស្សរជននយោបាយដែលចាក់ឫសយ៉ាងជ្រៅ។
ពួកគេបានចោទប្រកាន់គូប្រជែងរបស់លោក Saied ថា កំពុងប្រឹងប្រែងធ្វើឲ្យប្រទេសមានអស្ថិរភាព ដោយពណ៌នាពីពួកគេថា ជា «ជនក្បត់»។ ពួកគេបានស្រែកថា «ប្រជាជនចង់បានលោក Saied ម្តងទៀត» ហើយ «យើងគាំទ្រភាពជាអ្នកដឹកនាំ និងអធិបតេយ្យភាព»៕

