អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាស អះអាងថា រហូមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ វីរកងទ័ព និងវីរនគរបាលជាតិកម្ពុជា បានបន្តឈរ ជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុតនៅគ្រប់គោលដៅទាំងអស់ ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃទាហានឈ្លានពានថៃមកលើកម្ពុជានៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា បើគិតមកដល់ថ្ងៃនេះគឺមានរយៈ ពេល១២ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបន្តរំលោភបំពាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ច ព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបានបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់បែក អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងបាញ់ផ្សែងពុលជាដើម។ ដោយរហូតមកដល់ពេលនេះ ទាហានឈ្លានពានថៃនៅបន្តបាញ់មកលើកម្ពុជាដដែល។តែទោះជាទង្វើបាញ់ប្រហាររបស់ទាហានឈ្លានពានថៃមកលើដែនអាធិបតេយ្យភាព កម្ពុជាយ៉ាងគំហុក និងកំរោលយ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលជាតិកម្ពុជាបន្តតតាំង និងតស៊ូយ៉ាងស្វាហាបបំផុត ដោយធ្វើការបាញ់តបតទៅសត្រូវឈ្លានពានវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារនូវបូរណភាពទឹកដីរបស់ខ្លួននោះ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិកម្ពុជាដ៏ក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងអស់ជាមួយសត្រូវឈ្លានពាន ហើយរាជរដ្ឋាភិបាល កងទ័ព និងបងប្អូនប្រជាពលរដ្ឋយើង ក៏បានកំពុងរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូ និងអធិបតេយ្យភាពរបស់យើងដ៏អង់អាចក្លាហាន ដោយមិនងាករេទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាមួយគ្នានោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រាប់ទៅភាគីថៃ ក៏ដូចជាអន្តរជាតិផងដែរថា ទាហានកម្ពុជាធ្វើការបាញ់ឆើ្លយតបទៅលើតែទាហានឈ្លានថៃប៉ុណ្ណោះ មិនបាញ់សំដៅលើជនស៊ីវិលនោះឡើយ។ ផ្ទុយទៅវិញមានតែទាហានឈ្លានពានថៃទេ ដែលបើកការបាញ់ប្រហារមិនរើសទីតាំង ហើយបានបាញ់ចូលទីប្រជុំជនស៊ីវិល បាញ់ចូលភូមិករប្រជាជនយ៉ាងឃោរឃៅ អមនុស្សធម៌បំផុត ដោយបានបណ្តាលឲ្យប្រជាជនស្លូតត្រង់ ខ្មែរស្លាប់ និងរងរបួសជិតមួយរយនាក់ ខណៈរាប់សែននាក់បានកំពុងរត់ភៀសសឹកយ៉ាងភិតភ័យនោះ៕ អត្ថបទបាន ចក់