យោងតាមលិខិតមួយផ្ញើទៅកាន់ស្ថាប័នកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា វ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ (១៧ ធ្នូ) បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេសនេះ ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពី ភាពតានតឹងដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសនេះ។

អ្នកការទូត UN មួយរូបបាននិយាយថា កិច្ចប្រជុំមួយទំនងជានឹងត្រូវកំណត់ពេលធ្វើឡើង នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ សំណើកោះប្រជុំ UNSC នេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យ «ខ្ទប់ផ្លូវទាំងស្រុង» លើនាវាជាប់ទណ្ឌកម្មទាំងអស់ ដែលដឹកប្រេងចូល និងចាកពីវ៉េណេស៊ុយអេឡា នៅក្នុងជំហានចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ដោយកំណត់គោលដៅប្រភពចំណូលសំខាន់របស់ខ្លួន។

ភាពតានតឹងកំពុងតែកើនឡើងខ្ពស់រវាងអាមេរិក និងវ៉ណេស៊ុយអេឡា ជាមួយនឹងវត្តមានយោធាទ្រង់ទ្រាយធំរបស់អាមេរិក នៅភាគខាងត្បូងតំបន់ការ៉ាអ៊ីប ការវាយប្រហារលើទូកដែលសង្ស័យថាជួញដូរគ្រឿងញៀន និងការព្រមានពីលោក Trump ដែលថា ប្រតិបត្តិការជើងគោក អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះនៅវ៉េណេស៊ុយអេឡា។

រដ្ឋបាលលោក Trump បានថ្លឹងថ្លែងជម្រើសមួយចំនួនទាក់ទងនឹងវ៉េណេស៊ុយអេឡា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជា តួនាទីរបស់លោក Maduro ក្នុងការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ ដែលសម្លាប់ជនជាតិអាមេរិកអស់ជាច្រើន។ មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះបដិសេធម្ដងហើយម្ដងទៀតថា លោកពុំមានទំនាក់ទំនងជាមួយក្រុមគ្រឿងញៀនខុសច្បាប់ទាំងនោះឡើយ៕