ប្រធានាធិបតីប្រទេសប្រេស៊ីល លោក Luiz Inacio Lula da Silva បានព្រមានថា លោកអាចនឹងបោះបង់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរង់ចាំជាយូរមកហើយរវាងសមាជិកនៃប្លុកអាមេរិកខាងត្បូងទីផ្សាររួមអាមេរិកឡាទីន និងសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសធំៗបានព្យាយាមពន្យារពេល។

មេដឹកនាំប្រទេសប្រេស៊ីល បានចេញការគំរាមកាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសអ៊ីតាលីបានចូលរួមជាមួយប្រទេសបារាំង ក្នុងការនិយាយថា ខ្លួនមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្តេជ្ញាចិត្តចំពោះកតិកាសញ្ញាដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក។

សហភាពអឺរ៉ុប បានរំពឹងថារដ្ឋជាសមាជិកចំនួន២៧ប្រទេសរបស់ខ្លួននឹងអនុម័តកិច្ចព្រមព្រៀងនេះទាន់ពេលសម្រាប់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងដំណើរទៅកាន់ប្រទេសប្រេស៊ីលដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយម្ចាស់ផ្ទះ រួមជាមួយដៃគូទីផ្សាររួមអាមេរិកឡាទីន មានអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ នៅថ្ងៃសៅរ៍ខាងមុខនេះ។
លោក Lula បាននិយាយទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «ខ្ញុំបានព្រមានពួកគេរួចហើយថា ប្រសិនបើយើងមិនធ្វើវាឥឡូវនេះទេ ប្រេស៊ីលនឹងគ្មានកិច្ចព្រមព្រៀងបន្ថែមទៀតឡើយ ខណៈខ្ញុំនៅជាប្រធានាធិបតី»។
កិច្ចព្រមព្រៀង ដែលបានរៀបចំឡើងរយៈពេលជាងពីរទសវត្សរ៍មកហើយ ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយប្រទេសអាល្លឺម៉ង់ ជាប្រទេសមហាអំណាចសេដ្ឋកិច្ច រួមជាមួយប្រទេសអេស្ប៉ាញ និងបណ្តាប្រទេសអឺរ៉ុបខាងជើង ក្នុងពេលមានការប្រជែងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន និងការដំឡើងពន្ធនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ដែលបានបង្កើនការជំរុញក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម។