មេដឹកនាំសហភាពអឺរ៉ុប បានជួបជាមួយសមភាគីតំបន់បាល់កង់ខាងលិច នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ ដើម្បីពិភាក្សាអំពីការពង្រីកខ្លួនរបស់សហភាពអឺរ៉ុប ដោយមន្ត្រីនានាបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការនាំតំបន់នេះចូលទៅក្នុងប្លុក។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានស្វាគមន៍មេដឹកនាំមកពីប្រទេសកូសូវ៉ូ អាល់បានី ម៉ុងតេណេហ្គ្រោ បូស្នៀ ហឺហ្សេហ្គោវីណា និងប្រទេសម៉ាសេដូនខាងជើង។
គណៈកម្មការអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុបអាចស្វាគមន៍សមាជិកថ្មីនៅដើមឆ្នាំ២០៣០ ដោយសរសើរដល់ប្រទេសម៉ុងតេណេហ្គ្រោ អាល់បានី អ៊ុយក្រែន និងម៉ុលដូវ៉ា ចំពោះវឌ្ឍនភាពកំណែទម្រង់របស់ពួកគេ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានដាក់ការពង្រីកខ្លួនត្រឡប់ទៅរករបៀបវារៈកំពូលរបស់សហភាពអឺរ៉ុប ដោយមានការព្រួយបារម្ភពីការរាលដាលឥទ្ធិពលរបស់រុស្ស៊ី និងចិន នៅក្នុងតំបន់បាល់កង់ខាងលិច ដែលបម្រើជាកត្តាជំរុញដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មដែលបានពន្លឿន។