អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេសកាលពីថ្ងៃពុធ បានថ្កោលទោសការបន្តឃុំខ្លួនតាមអំពើចិត្តនូវបុគ្គលិកUN ដោយក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។

លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខអំពីស្ថានភាពនៅក្នុងប្រទេសយេម៉ែន ក្នុងការពិគ្រោះយោបល់បិទទ្វារថា៖«ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឃុំខ្លួនបុគ្គលិក UN និងបុគ្គលិកដៃគូចំនួន ៥៩នាក់ ក៏ដូចជាបុគ្គលិកមកពីអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងបេសកកម្មការទូតជាបន្តបន្ទាប់។ «ខ្ញុំសូមអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ស្របតាមច្បាប់អន្តរជាតិ»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរហ៊ួទី បានបញ្ជូនបុគ្គលិកUNបីនាក់ទៅកាន់តុលាការព្រហ្មទណ្ឌពិសេសមួយ។ លោក ហ្គុយតឺរេស បាននិយាយថា ការបញ្ជូននេះ ត្រូវតែលុបចោល។ ពួកគេត្រូវបានចោទប្រកាន់ទាក់ទងនឹងការបំពេញកាតព្វកិច្ចផ្លូវការរបស់អង្គការសហប្រជាជាតិ។ លោកបានទទូចថា ការចោទប្រកាន់ទាំងនេះ ត្រូវតែទម្លាក់ចោល។
លោក ហ្គុយតឺរេស បានបន្ថែមថា៖«ការបន្តការឃុំខ្លួននូវសហការីរបស់យើង គឺជាអយុត្តិធម៌ដ៏ធ្ងន់ធ្ងរ ចំពោះអ្នកទាំងអស់ដែលបានលះបង់ជីវិតរបស់ពួកគេ ដើម្បីជួយប្រជាជនយេម៉ែន។ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន មិនត្រូវត្រូវបានកំណត់គោលដៅ ចាប់ខ្លួន ឬឃុំខ្លួនទាក់ទងនឹងកាតព្វកិច្ចផ្លូវការរបស់ពួកគេឡើយ។ យើងត្រូវតែត្រូវបានអនុញ្ញាតឲ្យបំពេញការងាររបស់យើង ដោយគ្មានការជ្រៀតជ្រែក»។
នៅក្នុងសន្និសីទសារព័ត៌មាន លោក ហ្គុយតឺរេស បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង នៅក្នុងប្រទេសយេម៉ែន៕