រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត មូលដ្ឋានយោធារបស់ទីក្រុងវ៉ាស៊ីនតោននៅមជ្ឈិមបូព៌ា នឹងត្រូវបានកំណត់គោលដៅ។

លោក Araghchi បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាកាលពីថ្ងៃអង្គារ ខណៈពេលដែលកំពុងធ្វើអត្ថាធិប្បាយអំពីការវាយប្រហារដោយមីស៊ីលសងសឹករបស់អ៊ីរ៉ង់កាលពីខែមិថុនា លើមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសកាតា បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Araghchi បានបញ្ជាក់ថា៖«យើងមិនបានវាយប្រហារប្រទេសកាតាទេ ប៉ុន្តែមូលដ្ឋានអាមេរិកនៅប្រទេសនេះ ។ ប្រសិនបើសង្គ្រាមផ្ទុះឡើងរវាងយើង និងសហរដ្ឋអាមេរិក ហើយអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែររបស់យើង ពួកគេប្រាកដជារំពឹងថា យើងវាយប្រហារមូលដ្ឋានយោធារបស់ពួកគេ។ ពុំមានអ្វី ខុសគ្នាទេថា មូលដ្ឋានទាំងនោះ ស្ថិតនៅកន្លែងណា។
លោកបានបន្ថែមថា៖យើងរស់នៅដោយមិត្តភាពទាំងស្រុងជាមួយប្រទេសជិតខាងរបស់យើង ហើយមិនមានបញ្ហាជាមួយកាតា និងប្រទេសក្នុងតំបន់ផ្សេងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានយោធា អាមេរិកមានទីតាំងនៅលើទឹកដីរបស់ប្រទេសមួយចំនួន»។
លោក Araghchi បានបញ្ជាក់ជាថ្មីថា ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺអាចសម្រេចបានទាំងស្រុង ដរាបណាភាគីទាំងពីរគោរពសិទ្ធិគ្នាទៅវិញទៅមក និងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចបានកិច្ចព្រមព្រៀង ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក៕